(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីបន្ទាន់មួយដោយស្នើឲ្យបងប្អូនប្រជាពលរដ្ឋដែលបានទៅហាងទំនិញ Zando នៅផ្លូវត្រសក់ផ្អែម និងហាងទំនិញ Pedro ផ្លូវព្រះសីហនុ ភ្នំពេញ រួសរាន់ទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល។
នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។
ការប្រកាសរបស់ក្រសួងខាងលើនេះ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែលបានធ្វើតេស្តវិជ្ជមានមេរោគកូវីដ១៩ សុទ្ធតែធ្លាប់បានទៅហាងទាំងពីរខាងលើ។ ក្រសួងស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋមានការពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់៕