(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់អ្នកគាំទ្រនៅខេត្តបាត់ដំបងថា គណបក្សសង្រ្គោះជាតិ គោរពនិងស្រឡាញ់សេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ហើយចំណុចនេះ គណបក្សនយោបាយនៅកម្ពុជាទាំងអស់ គ្មានគណបក្សណា ធ្វើដូចគណបក្សរបស់លោកនោះឡើយ។ ប៉ុន្តែត្រូវបានលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា វ័យក្មេង អះអាងថា ការលើកឡើងរបស់លោក កឹម សុខា មានតែនៅលើបបូរទេ គ្មានឆន្ទៈ និងយុទ្ធសាស្រ្តជំរុញឲ្យដល់គោលដៅនោះទេ។
ថ្លែងក្នុង «វេទិកាសកម្មជនមូលដ្ឋាន» នៅទីលានបាល់ទាត់វាលបែកចាន ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ, លោក កឹម សុខា បានអះអាងថា «គណបក្សសង្រ្គោះជាតិ មានគុណតម្លៃមួយ ដ៏ថ្លៃថ្លាដែលមិនអាចគណបក្ស ណាធ្វើដូចគឺគុណតម្លៃគណបក្សសង្រ្គោះជាតិ គោរព និងស្រឡាញ់នូវសេចក្តីថ្លៃថ្នូររបស់មនុស្សគ្រប់រូបទាំងអស់ សេចក្តីថ្លៃថ្នូរនិងសេចក្តីសុខរបស់ មនុស្សគឺគណបក្សសង្រ្គោះជាតិ បំពេញឲ្យបាននៅពេលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត យ៉ាងហោចណាស់ឲ្យប្រជាពលរដ្ឋមានម្ហូបអាហារ និងផ្ទះសម្បែងរស់នៅសមរម្យ ទទួលបានសេវាសុខភាព សេវាអប់រំ ជាពិសេសទទួលបានការងារធ្វើ»។
ទោះបីយ៉ាងណា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាដែលទើបបង្កើតថ្មី បានលើកឡើងវិញ ពាក្យសម្តីរបស់លោក កឹម សុខា មាននៅតែលើបបូរមាត់តែប៉ុណ្ណោះ គ្មានឆន្ទៈ និងយុទ្ធសាស្រ្តជំរុញឲ្យដល់គោលដៅនោះទេ។
ប្រធានគណបក្សយុវជនរូបនោះបានបញ្ជាក់ថា «មាននៅតែបបូរមាត់ទេ, គ្មានឆន្ទៈ និងយុទ្ធសាស្រ្តជំរុញឲ្យដល់គោលដៅទេ។ បើសម្លឹងមើលសកម្មភាព CNRP បង្កើតចលនាមួយ ដើម្បីបំពានទៅលើសិទ្ធិ ដោយហេតុគាត់ជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតបាតុកម្ម»៕