(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បានចាប់ផ្តើមបិទ Sticker «Cambodia Privilege» នៅគ្រប់ផលិតអេឡិចត្រូនិក Samsung (Samsung Consumer Electronics) ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្ស ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងផលិតផលអេឡិចត្រូនិកដទៃទៀត ដែលមាននៅក្នុងទីផ្សារកម្ពុជា ហើយនៅសប្តាហ៍នេះ ដើម្បីធានាថា គ្រប់អតិថិជន ដែលជាវផលិតផលេអេឡិចត្រូនិករបស់ Samsung ទទួលបាននូវផលិតផលពិត របស់ក្រុមហ៊ុន និងជៀសវាងការខាត់បង់ប្រយោជន៍ផ្សេងៗ។
អតិថិជនទាំងអស់ដែលជាវសម្ភារអេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋានរបស់ Samsung អាចសួររកផលិតផលដែលមានបិទសញ្ញា «Cambodia Privilege» ប័នធានាជាភាសាខ្មែរ សញ្ញា «1 YEAR Official Warranty» និងសញ្ញាតែមប្រិយ៍ពន្ធគយ។ ក្នុងករណីដែលផលិតផលអេឡិចត្រូនិកប្រើប្រាស់ ក្នុងគេហដ្ឋានរបស់ Samsung ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយ ក្នុងចំណោមសញ្ញាទាំងបី ខាងលើនោះបញ្ជាក់ថាផលិតផលនោះជាផលិតផលមិនស្របច្បាប់ ឬជាផលិតផលក្លែងក្លាយ។
អត្ថប្រយោជន៍នានា ដែលអតិថិជននឹងទទួលបានពីការជាវផលិតផលអេឡិចត្រូនិក Samsung សម្រាប់ប្រើក្នុងគេហដ្ឋាន ដែលនាំចូលស្របច្បាប់រួមមានដូចជា៖ ទទួលបាននូវការធានាពេញមួយឆ្នាំពីក្រុមហ៊ុន Samsung លើការជួសជុលនិងថែរក្សាពីមជ្ឈមណ្ឌលសេវាកម្មរបស់ Samsung ដែលមានអ្នកជំនាញជាច្រើននាក់ ទទួលបានផលិតផលគុណភាពខ្ពស់ ដែលត្រូវបានផលិតឡើងតាមប្រព័ន្ធភ្លើង និងកត្តាអាកាសធាតុនៃប្រទេសកម្ពុជា និងគុណភាពជាលក្ខណ:អន្តរជាតិ ទទួលបានអត្ថប្រយោជន៍ពេលមានកម្មវិធីផ្តល់ជូនផ្សេងៗពីក្រុមហ៊ុន Samsung រាល់ការជាវផលិតផលអេឡិចត្រូនិក Samsung ដែលស្របច្បាប់មានន័យលោកអ្នកកំពុងតែ ជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់នូវផលិតផល ដែលនាំចូលគេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃ ការប្រកួតប្រជែងស្របច្បាប់ និងទទួលបានចំណូលពីការបង់ពន្ធសម្រាប់ថវិកាជាតិ ក៏ដូចជាគាំទ្រនូវ ផលិតផលដែលនាំចូលស្របច្បាប់ ដើម្បីចូលរួមបំពេញកតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចម្រើនដល់ ប្រទេសកម្ពុជាទាំងអស់គ្នា៕