(ភ្នំពេញ)៖ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០, មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើង ក្រោមគំនិតផ្ដួតផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា បានទទួលថវិកាបរិច្ចាគសរុបចំនួន ៣៨៧ ៧៣២ ២៦៣ រៀល និង ១៥៤ ៩៣៧ ដុល្លារអាមេរិក ពីសប្បុរសជនសរុបចំនួន ១៤ ៣៤៩រូប។
សប្បុរសជនសរុបចំនួន ១៤ ៣៤៩រូប រួមមាន៖ សមាជិកកិត្តិយសចំនួន ០៣ រូប, សមាជិកគាំទ្រចំនួន ៧ ៩២១ រូប និងសប្បុរសជនផ្សេងៗចំនួន ៦ ៤២៥ រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងចូលរួមចលនាកៀរគរអំណាយ ឧបត្ថម្ភធន និងវិភាគទាន ដើម្បីធានាចីរភាពនៃប្រភពចំណូល សម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ឱ្យអាចដំណើរការជាប្រក្រតី ប្រកប ដោយនិរន្តរភាព បម្រើដល់គោលនយោបាយលើកកម្ពស់សុខមាលភាពសង្គម របស់រាជរដ្ឋាភិបាល ជាពិសេសសុខភាពរបស់កុមារ និងទារកនៅកម្ពុជា តាមរយៈការបរិច្ចាគថវិកាតាមលទ្ធភាព ដែលនេះអាចជួយឱ្យមន្ទីរពេទ្យគន្ធបុប្ផា បន្តការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូរដែលរួមមាន៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ ឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់ នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព័្ទ៖ ០៦១ ៧០ ១១១១៕