(ភ្នំពេញ)៖ ដើម្បីជាការតបស្នងចំពោះគុណូបការៈដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គណៈមេធាវីបានផ្ដួចផ្តើមរៃអង្គាសថវិកាតាមគោលការណ៍ស្ម័គ្រ ចិត្តក្នុងក្របខ័ណ្ឌគណៈមេធាវី ដើម្បីឧបត្ថម្ភដល់រាជរដ្ឋាភិបាលសម្រាប់រួមចំណែកក្នុងការ ទិញវាក់សាំងការពារកូវីដ១៩ យកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។
រហូតដល់ល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាដែលបានរៃអង្គាសពីសមាជិក បានចំនួន ១៣១៨២ដុល្លារអាមេរិកហើយ ដោយនឹងទទួលបានបន្តបន្ទាប់ទៀត នៅពេលខាងមុខនេះ។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២០ មេធាវីទាំងអស់ត្រូវបានសម្ដេចតេជោ រាប់បញ្ចូលជាអ្នកដែលមានអាទិភាពនឹងទទួល បានការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយឥតគិតថ្លៃពីរ៉ាជរដ្ឋាភិបាល ។
ដូច្នេះគណៈមេធាវី បានអំពាវនាវដល់សមាជិកគណៈមេធាវី មេធាវីកម្មសិក្សា និងបុគ្គលិក គណៈមេធាវីទាំងអស់ដែលមានលទ្ធភាព មេត្តាចូលរួមឧបត្ថម្ភប្រាក់ដល់រាជរដ្ឋាភិបាល តាមរយៈ គណនីដែលចាត់ចែងដោយសម្ដេចតេជោ ផ្ទាល់មានលេខ 001249176 របស់ធនាគារ ABA ដែលមានឈ្មោះ៖ TEP SOTHY ឬតាមរយៈគណៈមេធាវីដោយយកមកប្រគល់ផ្ទាល់នៅទី ស្នាក់ការគណៈមេធាវីនៅរៀងរាល់ម៉ោងធ្វើការ ឬផ្ទេរតាមរយៈគណនីលេខ 000629050 របស់ធនាគារ ABA ដែលមានឈ្មោះ៖ THE BAR ASSOCIATION OF THE KINGDOM OF CAMBODIA និងគណនីលេខ 0001-01452870-17 របស់ធនាគារអេស៊ីលីដា ដែលមានឈ្មោះ៖ BAKC-Contribution ។
គណៈមេធាវីនឹងរៀបចំបញ្ជីឈ្មោះ និងចំនួនទឹកប្រាក់របស់អ្នកឧបត្ថម្ភ សរុបជូនរាជរដ្ឋាភិបាល ។ គណៈមេធាវីនិងប្រជាជាតិខ្មែរនឹងកត់ត្រាហើយចងចាំជានិច្ចនូវទឹក ចិត្តសប្បុរសរបស់អ្នកឧបត្ថម្ភទាំងអស់៕
ខាងក្រោមនេះជាលិខិតរបស់គណៈមេធាវី៖