(ព្រះវិហារ)៖ ដោយមានការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដឹកនាំដោយ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ និងក្រុមការងារ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកអំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួនមកសួរសុខទុក្ខ និងផ្តល់ជូនមន្ត្រីនគរបាលព្រំដែនគោកម្នាក់ ឈរជើងការពារព្រំដែនខេត្តព្រះវិហារ ដែលរងគ្រោះដោយជាន់មីនដាច់ជើងទាំង២ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យបង្អែក ១៦មករា។
លោកស្រី ចឹក ហេង បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើការណែនាំឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខព្រមទាំង នាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន១០លានរៀល ផ្តល់ជូនលោកអនុសេនីយ៍ឯក នួន ធឿន បម្រើការនៅអង្គភាពវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីន បណ្តាលដាច់ជើងទាំងពីរ កាលពីវេលាម៉ោង ៤៖៣០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត។
លោកស្រី ចឹក ហេង បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងចូលរួមសោកស្តាយជាមួយគ្រួសារជនរងគ្រោះពីសំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។
លោកស្រីក៏បានផ្តល់ការលើកទឹកចិត្ត និងផ្តាំផ្ញើរសូមឱ្យជនរងគ្រោះខិតខំថែទាំសុខភាព ឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បាន ជាសះស្បើយពីមុខរបួស ជាពិសេសសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការនានា របស់ក្រសួងសុខាភិបាល ដោយមានទម្លាប់រស់នៅធម្មតាតាមបែបគន្លងថ្មី ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំអំណោយមកផ្តល់ជូនជនរងគ្រោះ និងក្រុមគ្រួសារដើម្បីជួយសម្រាល ដល់ជីវភាពរស់នៅ៕