Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ច្រានចោលព័ត៌មានប្រឌិត ដែលបង្ហោះនៅលើបណ្ដាញសង្គមប៉ះពាល់ដល់កិត្តិយសរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ

08-12-2020 17:38

(កណ្ដាល)៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបំភ្លឺ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មាន ដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដែលប៉ះពាល់ដល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្ដាល។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបដិសេធទាំងស្រុងចំពោះខ្លឹមសារ និងរូបភាព នៅលើគណនី Facebook ឈ្មោះ «Ah Mey Mey» និងចាត់ទុកថា ម្ចាស់គណនីខាងលើ មានចេតនាផលិតព័ត៌មាន និងកាត់តរូបភាព បង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គម ដើម្បីបង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរដល់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានឲ្យដឹងទៀតថា កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងធ្វើការស្រាវជ្រាវស្វែងរកម្ចាស់គណនី Facebook ខាងលើ មកចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់សាធារណជនបណ្ដាញសង្គម សូមកុំមានការភាន់ច្រឡំចំពោះករណីនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាធារណជនទាំងឡាយដែលតែងតែសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាន រួមចំណែកលើកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។

គួរជម្រាបថា ករណីដែលបានកើតឡើងទៅលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដ នេះមិនមែនជារឿងថ្មីនោះទេ ពោលកន្លងទៅស្នងការខេត្ត និងថ្នាក់ដឹកនាំខេត្តមួយចំនួន ក៏ធ្លាប់ត្រូវបានគេមូលបង្កាច់រឿងដូចគ្នានេះដែរ រួមមាន ស្នងការខេត្តកែប, ខេត្តកំពត, កំពង់ចាម និងខេត្តកោះកុង៕