(ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ឱ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន១០លានរៀល ផ្តល់ជូន លោកអនុសេនីយ៍ឯក នួន ធឿន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ កាលពីវេលាម៉ោង៤៖៣០នាទី កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាស៊ូ និងចូលរួមសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។
ជាមួយគ្នានេះ លោកស្រីបានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឆាប់បានជាសះស្បើយពីមុខរបួស ជាពិសេស សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការនានារបស់ក្រសួងសុខាភិបាល ទម្លាប់ «រស់នៅធម្មតា តាមបែបគន្លងថ្មី» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នេះជាលើកទី២ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនគ្រួសារជនរងគ្រោះដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ ដែលលើកទី១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានផ្តល់ជូននូវគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ៕