(ភ្នំពេញ)៖ មុខសញ្ញាម្នាក់ក្នុងចំណោម២នាក់ ដែលតែងតែធ្វើសកម្មភាពប្រើដាវភ្ជង់ វាយប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន និងជាជនប្រើប្រាស់គ្រឿងញៀនផងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់ ខណៈបក្ខពួកប្លន់ម្នាក់ទៀតបាននិងកំពុងរត់គេចខ្លួន ។
ក្នុងប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង០៥៖៣០នាទីល្ងាចថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦ នៅចំណុចក្រោយវិហ៊ាឥស្លាម ផ្លូវបេតុង ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
ជនសង្ស័យពាក់ព័ន្ធអំពើប្លន់ឈ្មោះ លី រ៉ាវី អាយុ២៨ឆ្នាំ ជាជនជាតិឥស្លាម មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រីឯជនរងគ្រោះឈ្មោះ សុះ លីហាស់ ភេទស្រី អាយុ៣០ឆ្មាំ មានមុខរបរលក់មាន់ ស្នាក់នៅផ្ទះលេខ១៤៥ ផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងជាម្ចាស់ម៉ូតូម៉ាកសង់C១២៥ពណ៍ខ្មៅ សេរីឆ្នាំ ២០០៨ ពាក់ស្លាកលេខភ្នំពេញ១A B៥៧៥២។
ជាមួយគ្នានេះ យុវជន៣នាក់ទៀតដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានចាប់ខ្លួនផងដែរ រួមមាន ទី១ឈ្មោះស្មាន់ មហាម៉ាត់ អាយុ១៨ ឆ្នាំ ២ឈ្មោះសុល គីភ្លី អាយុ២៥ឆ្នាំ និងទី៣ឈ្មោះយ៉ា សាឡេះ អាយុ២៥ឆ្នាំ អ្នកទាំង៣មានមុខរបរលក់ត្រី ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវលោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា ក្រោយពីអធិការរងខណ្ឌឫស្សីកែវទទួលផែនព្រហ្មទណ្ឌលោក អ៉ីវ ឈុនភេង ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ក្រោមការបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវនោះ កម្លាំងនគរបាលព្រហ្មទណ្ឌបើកការស៊ើបអង្កេតបង្ក្រាជាក់ស្ដែងដោយឃាត់ខ្លួនមុខសញ្ញាប្រើដាវ វាយប្លន់យកម៉ូតូនិង ទ្រព្យសម្បត្តិផ្សេងៗពីប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌឫស្សីកែវ ម្នាក់ឈ្មោះលី រ៉ាវី ដោយបានដកហូតម៉ូតូសង់ឌ្រីម១គ្រឿង និងឈានទៅឃាត់ខ្លួនយុវជន៣នាក់ បន្ថែមទៀតដែលត្រូវជាប់សង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ដោយឡែកបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលតែងតែធ្វើសកម្មភាពវាយប្លន់ បាននិងកំពុងរត់គេចខ្លួន ។
បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យករណីប្លន់និងជនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងបាននិងកំពុងឃុំខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយសមត្ថកិច្ចបានបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកម្នាក់ទៀត ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ។