(បន្ទាយមាជ័យ)៖ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ឱ្យដឹងថា នៅព្រឹកថ្ងៃនេះ រដ្ឋបាលក្រុងបានទទួលម៉ាសជាង ៥ម៉ឺនម៉ាស ពីសប្បុរសជន ដើម្បីយកមកចែកជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដើម្បីការពារ ទប់ស្កាត់ ការរីករាតត្បាតជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»។
នៅក្នុងឱកាសទទួលអំណោយជាម៉ាសនេះដែរ លោក គាត់ ហ៊ុន ក៏បានផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង និងរួមគ្នាថែរក្សាអនាម័យឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសសារអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីបង្ការកុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍របស់យើង។
ជាមួយគ្នានេះដែរ លោកអភិបាលក្រុងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ១ម៉ែត្រកន្លះ លាងដៃជាមួយសាប៊ូ ជែល និងទឹកអាល់កុល ព្រមទាំងពាក់ម៉ាសឱ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀត ព្រោះមេរោគនេះកាចសាហាវនៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោកធ្វើមនុស្សជាតិ កើតជំងឺនេះបានស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់មេរោគកូវីដ-១៩ នេះឱ្យបានគ្រប់ៗគ្នា។
លោកអភិបាលក្រុងប៉ោយប៉ែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន នៅក្នុងក្រុងប៉ោយប៉ែត ដែលបានផ្តល់នៅ ម៉ាសចំនួន ៥២ ,៥០០ម៉ាស ដល់រដ្ឋបាលក្រុងប៉ោយប៉ែត។ សប្បុរសជនដែលបានផ្តល់ម៉ាសជូនរដ្ឋបាលក្រុងប៉ោយប៉ែត ទាំងអស់នោះរួមមាន៖ លោកឧកញ៉ា ឡាច ប៊ុនលីម និងលោកស្រី ខា លីនដា ម្ចាស់សំណង់ផ្ទះល្វែង វីឡាមានជ័យ, លោក យ៉ាង គីមហ៊ុយ និងលោកស្រី ជាពាណិជ្ជករ, លោក អ៊ួង វ៉ាន់ឌី និងលោកស្រី ជាអាជីវករ, លោក ជា ថុងលាង និងលោកស្រីជាអាជីវករ៕