(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានបញ្ជាក់អំពីការពន្យារពេលអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មកនិយោជិតទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលក្នុងនោះរួមមានទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើក្នុងផ្ទះ។ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត នឹងត្រូវពន្យារពេលអនុវត្តរហូតដល់ចប់ត្រីមាសទី១ ឆ្នាំ២០២១។
គួរជម្រាបថា កាលពីមិនទាន់ជួបនឹងវិបត្តិជំងឺកូវីដ-១៩ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដែលជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសថា នឹងខិតខំជំរុញឱ្យរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ឱ្យចាប់ផ្ដើមអនុវត្តក្នុងរង្វង់ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបក្រសួងការងារស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ដើម្បីពន្យារពេលនៃការអនុវត្តរបបសន្តិសុខសង្គមថ្មីនេះសិន។
ថ្លែងប្រាប់ Fresh News នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយនៃស្ថាប័ន ប.ស.ស. បានឱ្យដឹងថា មូលហេតុសំខាន់ដែលនាំឱ្យមានការពន្យារពេលអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ គឺដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនទាន់មានភាពស្ងប់ស្ងាត់នៅឡើយ។ ម្យ៉ាងទៀត ម្ចាស់ និងនាយករោងចក្រ សហគ្រាសមួយចំនួនក៏បានស្នើសុំព្យួរការងារ និងផ្អាកបង់ភាគទានបណ្ដោះអាសន្នសិនដែរ។
មូលហេតុសំខាន់មួយទៀត គឺដោយសារលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗទៀត ដែលទាក់ទងនឹងកិច្ចដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនខាងលើនេះ នៅមិនទាន់បានរៀបចំចប់សព្វគ្រប់នៅឡើយ ប៉ុន្តែក្រុមការងារនៅតែបន្តកិច្ចការនេះជារឿយៗផងដែរ។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ បញ្ជាក់បន្ថែម។
ជំនួយការផ្ទាល់របស់អគ្គនាយក ប.ស.ស. រូបនេះ បានបន្តថា កន្លងមក ប.ស.ស. បានរៀបចំប្រជុំជាមួយ តំណាងកម្មករនិយោជិត និយោជក សហជីពកម្មករ អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធផ្សេងទៀត ហើយថ្មីៗនេះបានប្រជុំក្រុមការងារបច្ចេកទេស ក្រុមអ្នកច្បាប់របស់អន្តរក្រសួង តួយ៉ាងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមបានប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារផងដែរ។ អង្គប្រជុំបានពិនិត្យសម្រេច និងឯកភាពលើទិដ្ឋភាពទូទៅ ទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះ។
ទោះជាយ៉ាងណា ប.ស.ស. បានអះអាងថា ការសម្រេចពន្យារពេលអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ មិនមានផលប៉ះពាល់អ្វីដល់កម្មករនិយោជិតនោះទេ ព្រោះនៅក្នុងនីតិវិធីនៃការគណនាប្រាក់សោធន ប.ស.ស. មានរូបមន្តគិតគូរច្បាស់លាស់ មិនធ្វើឱ្យខូចប្រយោជន៍ដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. នោះឡើយ៕