Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រៅពីការងារស្នូល វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ បង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់ជីវភាពកងទ័ព និងគ្រួសារកងទ័ព

08-12-2020 13:40

(បាត់ដំបង)៖ ក្រៅពីការងារហ្វឹកហ្វឺនរៀនសូត្រ និងអនុវត្តន៍ភារកិច្ចស្នូល វរសេនាតូចថ្មើរជើងលេខ៥៣៣ បានបន្តបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីជួយធានាការចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ពិសេសចូលរួមអនុវត្តន៍តាមផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផល ក្រោមការយកចិត្តទុកដាក់ និងណែនាំរបស់លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ និងការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៣ អង្គភាពបានបង្កើនផលនូវបន្លែចម្រុះ និងការចិញ្ចឹមសត្វមាន់ ទា ក្ងាន ជ្រូក និងគោ តាមផែនការរបស់ថ្នាក់ដឹកនាំ ដែលបានដាក់ឲ្យ។

គួរកត់សម្គាល់ថា ជាមធ្យមបន្លែចម្រុះ និងសាច់ដែលផលិតបានដោយវរសេនាតូចលេខ៥៣៣ ត្រូវបានធានាការងារចិញ្ចឹមទ័ព និងគ្រួសារកងទ័ព ដោយមិនត្រូវបន្លែសាច់ក្នុងទីផ្សារឡើយ។

លោកវរសេនីយ៍ត្រី ម៉ែន មូលី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥៣៣ បានបញ្ជាក់ថា ក្នុងនាមលោក និងថ្នាក់ដឹកនាំវរសេនាតូច នឹងបន្តនិរន្តរភាព ពង្រីកវិសាលភាព ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វនេះ ដើម្បីបន្តលើកកម្ពស់ជីវភាពកងទ័ព និងការផ្គត់ផ្គង់ចូលទីផ្សារ សម្រាប់បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ ដល់គ្រួសារកងទ័ព ព្រមទាំងរួមចំណែកកាត់បន្ថយការនាំចូលបន្លែចម្រុះ និងសាច់ ដែលមានសារធាតុគីមីខ្ពស់ ពីប្រទេសជិតខាង៕