(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០។

គ.ជ.ប បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ទូទាំងប្រទេស បានទទួលពាក្យបណ្តឹងសរុបចំនួន ១៤០ បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ បានទទួល ១៣៨ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងចំនួន ២ បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំង ១៣៨ ដែលមាននៅថ្នាក់ កបឃ.ស មានបណ្តឹងចំនួន ៧៣ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប ។ ជារួមនៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹងចំនួន ៧៥ បណ្តឹង។

បើតាមគ.ជ.ប, ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៨ បណ្តឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង និងបណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង) ដែលទទួលបានពី៖

* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១១ បណ្តឹង
* ប្រជាពលរដ្ឋ ចំនួន ២៦ បណ្តឹង
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១ បណ្តឹង។

លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងមានដូចខាងក្រោម៖
* សម្រេចយល់ព្រមតាមពាក្យបណ្តឹងចំនួន៥ បណ្តឹង
* សម្រេចបដិសេធពាក្យបណ្តឹងចំនួន ១៣០ បណ្តឹង
* ចារបដិសេធពាក្យបណ្តឹង (ពាក្យបណ្តឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់) ចំនួន ៣ បណ្តឹង។

ពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប មានចំនួនសរុប ៧៥ បណ្តឹង (ប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៧៣ បណ្តឹង) រួមមាន៖

* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ៦៥ បណ្តឹង
* ប្រជាពលរដ្ឋ ចំនួន ១០ បណ្តឹង។

ចំពោះពាក្យបណ្តឹងទាំងអស់នេះ គ.ជ.ប កំពុងត្រួតពិនិត្យ និងសម្រេចទៅតាមប្រភេទនៃបណ្តឹង។

ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងមាន ៣ ដំណាក់កាលរួមមាន ៖
* ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បានដោះស្រាយចប់រួចរាល់។
* ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃ យ៉ាងយូរ។
* ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ១០ថ្ងៃ យ៉ាងយូរ ។

តាមប្រតិទិនការងាររបស់ គ.ជ.ប ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្នាក់ គ.ជ.ប នឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕