(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនផ្សេងទៀត របស់ខេត្តស្ទឹងត្រែង នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៦នេះ បាន និងកំពុងចុះត្រួតពិនិត្យឆែកឃ្លាំងស្តុកឈើដ៏ធំរបស់ឧកញ៉ា ទ្រី ភាព ស្ថិតនៅគល់ស្ពានទន្លេសេកុង ក្រុង-ខេត្តស្ទឹងត្រែង។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ការចុះត្រួតពិនិត្យនេះបានធ្វើឡើងជាថ្មីម្តងទៀត ក្រោយពីពេលកន្លងទៅកម្លាំងចំរុះ ក៏បានចុះត្រួតពិនិត្យឆែកឆេរម្ដងរួចមកហើយ។ ប៉ុន្តែចំពោះលទ្ធផលបែបណានោះ នៅមិនទាន់ដឹងនៅឡើយទេ ។
ឧកញ៉ា ទ្រី ភាព ត្រូវបានគេដឹងទូទៅថា ជាឈ្មួញរកស៊ីឈើគ្រញូង ឈើប្រណីត ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា រហូតបានក្លាយជាសេដ្ឋី។ ឧកញ៉ា ទ្រី ភាព រកស៊ីជំនួញឈើប្រណីតនេះ ជ្រកក្រោមច្បាប់អនុញ្ញាតរបស់រាជរដ្ឋាភិបាល ក្រោមស្លាកស្ដារបាតអាងវារីអគ្គិសីអាតៃ ក្នុងខេត្តពោធិ៍សាត់ ហើយក៏ពង្រីកខ្លួនទៅរកស៊ីឈើនៅខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី មណ្ឌលគិរី ក្រោមរូបដីសម្បទានសេដ្ឋកិច្ច។
ទោះបីជាយ៉ាងណា ក្រុមហ៊ុនបាននិងកំពុងដាំដំណាំម្រេច និងកៅស៊ូជាច្រើនផងដែរ នៅក្នុងខេត្តរតនគិរី ពោធិ៍សាត់ និងព្រះវិហារ តែការដាំដុះនេះ មានសាធារណមតិ ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា មិនសមាមាត្រជាមួយការកាប់បំផ្លាញធនធានធម្មជាតិព្រៃឈើនៅលើដីទាំងអស់នោះឡើយ៕