(សេអ៊ូល)៖ យោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា កូរ៉េខាងត្បូង នឹងចាប់ផ្តើមកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅដើមសប្តាហ៍ក្រោយ ដើម្បីដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលទុកជាមុន បន្ទាប់ពីមានការបាញ់គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយរបស់កូរ៉េខាងជើង ខណៈរដ្ឋាភិបាលទីក្រុងសេអ៊ូល បានកាត់ផ្តាច់ថាមពលអគ្គីសនី នៅតំបន់ Kaesong ជាសួនឧស្សាហកម្មរួមគ្នាមួយ ជាមួយកូរ៉េខាងជើង។
បើតាមសម្តីមន្ត្រីមួយរូបមិនបញ្ជាក់ឈ្មោះ នៃក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ការពិភាក្សាគ្នា នឹងផ្តោតសំខាន់លើការដាក់ប្រព័ន្ធការពារតំបន់កម្រិតខ្ពស់ ជាមួយយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការបាញ់គ្រាប់រ៉ូកែតរបស់កូរ៉េខាងជើង កាលពីចុងសប្តាហ៍មុន។ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានឲ្យដឹងថា ការបាញ់គ្រាប់រ៉ូកែតនេះ គឺជាការបំពាននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានព្រមានកូរ៉េខាងជើង នៅថ្ងៃសុក្រនេះថា កូរ៉េខាងជើង បានធ្វើសកម្មភាពខុសច្បាប់ ក្នុងការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង និងការបណ្តេញបុគ្គលិកកូរ៉េខាងត្បូង ឲ្យចេញពីតំបន់ឧស្សាហកម្មរួមនៅទីក្រុង Kaesong។
រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Hong Yong-Pyo បានឲ្យដឹងថា ការសម្រេចរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលបានទាត់ចោលក្រុមហ៊ុនរបស់កូរ៉េខាងត្បូង គឺពិតជាគួរឲ្យសោកស្តាយ ហើយលោកបន្តថា កូរ៉េខាងជើងគួរតែទទួលខុសត្រូវ ចំពោះផលវិបាកណាមួយដែលកើតឡើង។
សូមជំរាបថា នៅថ្ងៃពុធ កូរ៉េខាងត្បូង បានផ្អាកប្រតិបត្តិការ នៅតំបន់សួនឧស្សាហកម្ម Kaesong ជាការឆ្លើយតបទៅនឹង ការបាញ់គ្រាប់រ៉ូកែត និងការសាកល្បងអាវុធនុយក្លេអ៊ែ កាលពីពេលថ្មីៗកន្លងទៅនេះ របស់កូរ៉េខាងជើង ដោយតំបន់ឧស្សាហកម្មនេះ មានទីតាំងនៅក្នុងទឹកដីកូរ៉េខាងជើង ហើយបានប្រតិបត្តិការ អស់រយៈពេលជាងមួយទសវត្សន៍កន្លងមកហើយ ខណៈកូរ៉េខាងជើង បានហៅទង្វើនេះថា ជាការប្រកាសសង្គ្រាម ហើយបានបណ្តេញក្រុមកម្មករ ជនជាតិកូរ៉េខាងត្បូង ដែលធ្វើការនៅតំបន់ Kaesong ឲ្យចេញពីទឹកដីរបស់ខ្លួន ដោយដាក់តំបន់នេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា៕