(ភ្នំពេញ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ ០២លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩។
ការប្រកាសរបស់ លោក កែវ ពិសិដ្ឋ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សូមបញ្ជាក់ថា កម្ពុជាបានចាប់ផ្តើមឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ លើកដំបូងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើភរិយារបស់ លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយករណីនេះ បានរីករាលដាលបន្តរហូតដល់មានអ្នកឆ្លងចេញពីសហគមន៍ចំនួន៣៤នាក់។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៨ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣៥០នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៣នាក់៕