(ពោធិ៍សាត់)៖ លោកឧត្តមសេនីយ៍ទោ ខេង ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅម៉ោង១៖៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថក្នុងមូលដ្ឋានស្រុកវាលវែង បានចុះបង្ក្រាបទីតាំងចែកចាយគ្រឿងញៀន មួយកន្លែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ទោ បានបន្តទៀតថា ជនសង្ស័យដែលកំពុងធ្វើសកម្មភាពចែកចាយ ហើយត្រូវបានកម្លាំងអាវុធហត្ថ ស្រុកវាលវែង ឃាត់ខ្លួននោះ មានឈ្មោះថា ឆេង វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមព័ណ៌ស ០៤កញ្ចប់តូច និង០១កញ្ចប់ធំ (ម៉ាទឹកកក) ទូរស័ព្ទ Nokia ចុចពិល ០២គ្រឿង លុយ៤ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតានីតិវិធី៕