(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះតាមប្រមាញ់ ដេញចាប់មុខសញ្ញាជួញដូរគ្រឿងញៀន និងលួចយ៉ាងសកម្ម នៅក្រុងតាខ្មៅ បានចំនួន៣នាក់ នាវេលាទាបភ្លឺថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ យ៉ុន-កេង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកអធិការ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា ដោយយោងតាមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត លោកបានប្ដេជ្ញាធ្វើការឲ្យបានម៉ត់ចត់ និងល្អបំផុត ក្នុងទិសដៅស្វែងរកសេចក្ដីសុខជូនពលរដ្ឋ។
លោកបន្តថា ជាក់ស្ដែងបន្ទាប់ពីកំណត់បានមុខសញ្ញាទាំង៣នាក់នេះភ្លាម លោកបានរៀបកម្លាំងរៀបផែនការ តាមប្រមាញ់ជនសង្ស័យបានចំនួន៣នាក់រួមមាន៖
* ទី១៖ ឈ្មោះ យ៉ុន-កេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់លៀសហាល (ឃាត់ខ្លួន)
* ទី២៖ ឈ្មោះ អេង-សោភា ហៅបារាំង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)
* ទី៣៖ ឈ្មោះ សាន-ឌីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់លៀសហាល (ឃាត់ខ្លួន)។ អ្នកទាំង៣នាក់ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអធិការ បានរៀបរាប់ដំណាលរឿងថា មុនពេលកើតហេតុ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅផ្ទះរបស់ឈ្មោះ យ៉ុន-កេង ដែលជាជនសង្ស័យ កំពុងតែប្រើប្រាស់គ្រឿងញៀន។
ភ្លាមនោះ កម្លាំងជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ហើយឃើញជនសង្ស័យ កំពុងតែជក់គ្រឿងញៀន, កម្លាំងក៏ធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។
លោកអធិការ បានប្ដេជ្ញាអនុវត្តន៍តាមបទបញ្ជាឲ្យបានល្អបំផុត ពិសេសគឺគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាល ព្រមទាំងសំណូមពរដល់ពលរដ្ឋ ក្រុងតាខ្មៅ បន្តសហការផ្ដល់ព័ត៌មានមកអធិការដ្ឋាន នូវចំណុចសង្ស័យទាំងឡាយណា ដើម្បីកម្លាំងចុះបង្ក្រាបបានទាន់ពេលវេលា៕