(បន្ទាយមានជ័យ)៖ អាជ្ញាធរក្រុងប៉ោយប៉ែត នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានចុះធ្វើយុទ្ធនាការ បង្ការចម្លងមេរោគកូវី-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។
សកម្មភាពនេះ ធ្វើឡើងក្រោយផ្ទុះព្រឹត្តិការណ៍កូវីដ-១៩ សហគមន៍ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងជាពិសេសជាការអនុវត្តអនុសាសន៍ អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗ របស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការទប់ស្កាត់ ចាត់វិធានការលើជំងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មីនេះ។
លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ប្រាប់អង្គភាព Fresh News ថា អាជ្ញាធរ បានចេញធ្វើសកម្មភាពផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានយល់ដឹង ដើម្បីរួមគ្នាថែរក្សាអនាម័យ ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសសារអំពាវនាវ របស់សម្តេចតេជោ ដើម្បីបង្ការកុំឲ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍។
លោក គាត់ ហ៊ុល បានផ្តាំផ្ញើដល់ពលរដ្ឋ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលចំពោះបងប្អូន ដែលចូលមកបំពេញ ការងារបែបបទឯកសារផ្សេងៗ ក្នុងក្រុងប៉ោយប៉ែត ត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ១ម៉ែត្រ កន្លះលាងដៃ និងសាប៊ូ ជែល ពាក់ម៉ាសឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀត។
លោកថា មេរោគដ៏កាចសាហាវនេះនៅតែបន្តវាយលុកយ៉ាងខ្លាំង លើពិភពលោកធ្វើមនុស្សជាតិ កើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះ បាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់មេរោគ Covid-19 នេះ ឲ្យបានគ្រប់គ្នាផងដែរ។
ជាមួយគ្នានោះ លោកអភិបាលក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់ពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ការបង្ករបង្កើនផល ការចិញ្ចឹមសត្វ ដាំដំណាំ និងបន្លែផ្សេងៗ ដើម្បីទុកគ្រាន់ដោះស្រាយក្នុងជីវភាពគ្រួសារ ខណៈគ្រាដែលវីរុសកូវីដពុំទាន់ធូរស្បើយ៕