(បន្ទាយមានជ័យ)៖ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អមដំណើរដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង, លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងកងកម្លាំងជាច្រើនរូប នាយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងអាជីវករ ដែលប្រកបអាជីវកម្មលក់ដូរមាន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររាត្រី និងទីកំសាន្តនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទាំងមូល។
សកម្មភាពនោះធ្វើឡើងក្រោយពីមានការផ្ទុះព្រឹត្តការណ៍កូវីដ១៩ ចូលសហគមន៍នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងជាពិសេសជាការអនុវត្តតាមអនុសាសន៍អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗរបស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជំងឺ ឆ្លងផ្លូវដង្ហើមប្រភេទថ្មីនេះ។
លោក គាត់ ហ៊ុល បានឱ្យដឹងថា ការចេញធ្វើសកម្មភាពបន្ទាន់ពីការផ្សព្វផ្សាយការផ្ទុះជំងឺកូវីដ១៩នេះ ដើម្បីឱ្យប្រជាពលរដ្ឋឲ្យបានយល់ដឹង និងរួមគ្នាថែរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសសារអំពាវនាវរបស់សម្តេចតេជោ ដើម្បីបង្ការកុំឱ្យជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ផងដែរ។
លោកបានអំពាវនាវដល់ពលរដ្ឋ ត្រូវរក្សាអនាម័យ មានគម្លាតចន្លោះ ១.៥ម៉ែត្រ លាងដៃ និងសាប៊ូ ជែល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជៀសវាងការឆ្លងដល់អ្នកផ្សេងបន្តទៀត ព្រោះមេរោគដ៏កាចសាហាវនេះ នៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោក ធ្វើមនុស្សជាតិកើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ ក្នុងពិភពលោក រហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយ ដូច្នេះត្រូវចូលរួមបង្ការទប់ស្កាត់មេរោគ covid-19នេះឲ្យបានគ្រប់គ្នា។
ជាមួយនឹងការពិនិត្យនិងផ្សព្វផ្សាយអប់រំនេះដែរ រដ្ឋបាលក្រុង និងកងកម្លាំងចម្រុះបាននាំយកទៅជាមួយនិងឧបករណ៍ប្រើប្រាស់គ្រឿងបំពងសម្លេង តាមរយន្តចំនួន ២គ្រឿង ដើម្បីផ្សព្វផ្សាយសារណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបានចុះអប់រំផ្ទាល់មាត់ និងចែកម៉ាស់ដល់អាជីវក អ្នកទិញនិងអ្នកធ្វើដំណើរ ដែលមិនពាក់ម៉ាស់ បានជាច្រើននាក់ផងដែរ៕