(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំជួរថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការអភិវឌ្ឍន៍នៅតំបន់ឆ្នេរកែបថ្មី ក្នុងភូមិសាស្ត្រ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ជាមួយក្រុមហ៊ុន អាយ.ជី.ប៊ី Cambodia Co.ltd របស់លោកឧកញ៉ា ជា សុខហេង។ ការចុះពិនិត្យបានធ្វើឡើងនៅរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
លោក ជាវ តាយ បានថ្លែងថា ការចុះមកពិនិត្យនេះ ដើម្បីមកពិនិត្យដំណើរការសាងសង់ ស្ថាបនា ថាតើក្រុមហ៊ុន បានយកចិត្តទុកដាក់ និងអនុវត្តតាមផែនការ និងប្លង់បច្ចេកទេស ត្រឹមត្រូវបានកម្រិតណា។ ជាពិសេសការសាងសង់ឆ្នេរខ្សាច់កម្សាន្តសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋទូទៅ ពីព្រោះរដ្ឋបាលខេត្ត មិនអាចចេះតែបណ្តែតបណ្តោយ ឲ្យក្រុមហ៊ុនយកលេសយ៉ាងនេះ យ៉ាងនោះ ទើបធ្វើឲ្យដំណើរការអភិវឌ្ឍយឺតយ៉ាវនោះឡើយ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា «អ្វីដែលរាជរដ្ឋាភិបាល បានសម្រេចថា ត្រូវតែធ្វើការអភិវឌ្ឍ។ ដូច្នេះយើងត្រូវនាំគ្នាសហការ ជំរុញដល់ដំណើរការអភិវឌ្ឍនោះ ដោយត្រូវធ្វើជាបណ្តើរៗ មិនអាចរង់ចាំ ឬប្រើលេសច្រើនបានទេ ព្រោះនៅក្នុងកិច្ចសន្យាសុំធ្វើការអភិវឌ្ឍ ក៏បានកំណត់ពេលច្បាស់លាស់រួចហើយដែរ»។
ទន្ទឹមគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមហ៊ុនខាងលើ ត្រូវយកចិត្តទុកដាក់បង្កើនល្បឿនការងារ បង្កើនកម្លាំងគ្រឿងចក្រ ឲ្យបានច្រើន ដើម្បីបញ្ចប់ការងារតាមផែនការ ដែលបានកំណត់ទុក។
ពាក់ព័ន្ធការស្តារឃ្លាំង ធ្វើឡើងបន្ទាប់ពីមានសំណើរបស់ប្រជានេសាទ ដែលមិនអាចបើកទូកចេញចូលបាន ព្រោះឃ្លងចាស់មានសភាពគោករាក់ ហើយបច្ចុប្បន្នទូកប្រជានេសាទ ត្រូវចតនៅឆ្ងាយ ទើបលោកអភិបាលខេត្ត ក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការស្តារ ប៉ុន្តែត្រូវគោរពតាមគំនូសប្លង់បច្ចេកទេស ដែលមានការចូលរួមសហការពីជំនាញពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យនៅតិចបំផុត។
គួររំលឹកថា ឆ្នេរខ្សាច់ថ្មីដែលជាឆ្នេរខ្សាច់សិប្បនិម្មិតមួយ ស្ថិតនៅចំណុចឆ្នេមាត់សមុទ្រ ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានចាប់ផ្តើមកសាងឡើង តាមគម្រោងរាជរដ្ឋាភិបាលកម្ពុជា ខណៈខេត្តកំពត ដែលពីមុនវិសាលភាពសមុទ្រ មានតែឆ្នេរ តែគ្មានឆ្នេរខ្សាច់ដូចខេត្តជាប់មាត់សមុទ្រដទៃទៀត។
រដ្ឋបាលខេត្តកំពតក្នុងអាណត្តិ លោក ជាវ តាយ បានផ្តួចផ្តើមឲ្យឆ្នេរសមុទ្រ ក្នុងភូមិសាស្ត្រខេត្តកំពត ឲ្យមានឆ្នេរខ្សាច់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តលេង កាន់តែច្រើនថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ហើយកំពតជាខេត្តទេសចរមួយជាប់សមុទ្រ ក្នុងភាគនារិតីនៃកម្ពុជា ដ៏មានប្រជាប្រិយភាព ដោយសារតែអំណោយផលពីធម្មជាតិ។
ខេត្តនេះមានតំបន់ទេសចរចំនួន ១៧កន្លែងសំខាន់ៗ ក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀត ដែលអាចទាក់ទាញភ្ញៀវ រហូតដល់ទៅជិត ២លាន ឬជាង២លាននាក់ ចាប់ពីឆ្នាំ២០១៨ រហូតដល់ពេលនេះ។ ប៉ុន្តែខេត្តជាប់សមុទ្រមួយនេះ នៅមិនទាន់មានឆ្នេរខ្សាច់សម្រាប់ងូតទឹកកម្សាន្តនៅឡើយទេ ទើបតែដើមឆ្នាំ២០១៩នេះ ដោយមានគោលការណ៍ពីរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកំពត ដោយមានការជ្រោមជ្រែងគាំទ្រ ពីក្រសួងទេសចរណ៍ផង ក្រុមហ៊ុនខាងលើ បានទទួលការងាររៀបចំចាក់ដី និងខ្សាច់ដើម្បីអភិវឌ្ឍន៍តំបន់ឆ្នេរសម្រាប់កម្សាន្ត លើផ្ទៃដីប្រមាណ ២០០ហិកតា ហើយគម្រោងចំណាយថវិកាប្រមាណជិត ២,០០០លានដុល្លារ។
បើតាមគម្រោង តំបន់ឆ្នេរនេះ នឹងមានអគារខ្ពស់ៗ សណ្ឋាគារផ្តាយប្រាំ មានមន្ទីរពេទ្យ សាលារៀន កំពង់ផែរ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិជាដើម។
គម្រោងកិច្ចអភិវឌ្ឍរមណីយដ្ឋានឆ្នេរកែបថ្មី ឬហៅឈ្មោះថា «ឆ្នេរមាសសម្ដេចតេជោ» គឺស្ថិតនៅក្នុងឃុំបឹងទូក ស្រុកទឹកឈូ គឺជាគម្រោងដែលផ្ដល់ការអនុញ្ញាត ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) ឲ្យទៅក្រុមហ៊ុន អាយ.ជី.ប៊ី ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរ ខ្សាច់កែបថ្មី លើគម្រោងផ្ទៃដី ចំនួន២៣០ហិចតា ក្នុងនោះក្រុមហ៊ុនទទួលដីចំនួន៦០ ភាគរយស្មើនឹង១២០ហិចតា។ ចំណែករដ្ឋបាលខេត្ត៤០ ភាគរយស្មើនឹង ៨០ហិកតា និង៣០ហិចតាទៀត សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕