(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ថវិកាសប្បុរសជនចូលរួមជាមួយសម្តេច ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនជាង ១៨លានដុល្លារអាមេរិកហើយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា បញ្ជីឈ្មោះសប្បុរសជនមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិ និងបណ្តាញផ្សព្វផ្សាយរបស់ Fresh News ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី០៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា សប្បុរសជនដែលចង់ចូលរួមជាមួយរាជរដ្ឋាភិបាល អាចចូលតាមប្រភពចំនួនពីររួមាន៖ ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និងតាមរយៈធនាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។
សម្តេចតេជោ ហ៊ុន សែន ក៏បានទូល និងជម្រាបដល់សប្បុរសជនផងដែរថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ គឺជា «ខឿនការពារសុខភាពរបស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្តេចចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន»។
សូមបញ្ជាក់ថា ចលនានៃការបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលសម្តេចតេជោ ប្រកាសពីការត្រៀមបម្រុងថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។
សម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃម្សិលមិញនេះ ក៏បានបង្ហាញពីជនអាទិភាពដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេនេះរួមមាន៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។ ក្រៅពីនោះចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ក៏ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះផងដែរ។
ក្រៅពីដំណាក់កាលទី១មួយទៅ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់ផងដែរ៕