(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឲ្យធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ជាជាងការទូទាត់ដោយក្រដាសប្រាក់ផ្ទាល់ ដើម្បីបន្ថយហានិភ័យនៃការចម្លងកូវីដ១៩ ចូលសហគមន៍។
សេចក្តីថ្លែងការណ៍របស់សមាគមទាំង៣បានបញ្ជាក់ថា ដោយពិនិត្យឃើញការរីករាលដាល នៃការឆ្លងជំងឺកូវីដ១៩ ដែលឆ្លងចូលសហគមន៍នាពេលថ្មីៗនេះ និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីអំពីលទ្ធភាពនៃ ការឆ្លងជំងឺកូវីដ១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ ព្រមទាំងក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ វិស័យធនាគា និងហិរញ្ញវត្ថ ដែលតំណាងដោយ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់ឱ្យធ្វើការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិក ដែលផ្តល់ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។
ស្ថិតក្នុងស្ថានភាពនេះ សហគមធនាគារនិងហិរញ្ញវត្ថុ បាននិងកំពុងសហការយ៉ាងជិតស្និតជាមួយធនាគារជាតិ នៃកម្ពុជាក្នុងការសម្រួល ឱ្យមានការទូទាត់ជាអេឡិចត្រូនិក ឆ្លងគ្រឹះស្ថានកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌផ្សេងៗ ដែលនឹងត្រូវជូនដំណឹងក្នុងពេលឆាប់ៗខាងមុខ។
ទន្ទឹមនឹងនេះដែរ វិស័យធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឱ្យទាញយកកម្មវិធី ទូទាត់និងកម្មវិធីធនាគារឌីជីថល ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកប្រើប្រាស់។ ចាប់ពីថ្ងៃជូនដំណឹង នេះទៅ ព័ត៌មានផ្សេងៗ ស្តីពីជម្រើសនិងការណែនាំ អំពីការប្រើប្រាស់សេវាទូទាត់ និងសេវាធនាគារឌីជីថលនឹងត្រូវបាន ផ្តល់ជូនតាមរយៈបណ្តាញសង្គម និងសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះសមាគមទាំង៣នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងធនាគារជាតិនៃកម្ពុជា ចំពោះរាល់ការគាំទ្រទាំងអស់នៅក្នុងពេលវេលាដ៏លំបាកនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា៕