(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រុមហ៊ុន ជីបម៉ុង គ្រុប ដែលបានបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណ របស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនក្រុមហ៊ុន ជីបម៉ុង គ្រុប។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «នៅក្នុងកាលៈទេសៈដែលគ្រោះភ័យនៃជំងឺកូវីដ១៩ កំពុងញាំញីសុខភាព និងគំរាមអាយុជីវិតរបស់ប្រជាជនកម្ពុជា វិភាគទានរបស់អ្នកឧកញ៉ា និងលោកជំទាវ ជាទឹកប្រាក់ចំនួន៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក សម្រាប់ជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំង ទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន»។
ខ្ញុំសូមកោតសរសេរយ៉ាងស្មោះចំពោះស្មារតីស្នេហាជាតិ និងប្រជាជនកម្ពុជា របស់អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សហការី និងអតិថិជនទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ជីបម៉ុង គ្រុប បានប្រកាសបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសនេះ កើតឡើងភ្លាមៗ ក្រោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូន ប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕