(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាគថវិកា១លានដុល្លារ ជូនសម្តេចដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកឧកញ៉ា ឡេង ណាវ៉ាត្រា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណដោយស្មោះចំពោះលោកឧកញ៉ា និងលោកជំទាវ ដែលមានសទ្ធាជ្រះថ្លាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងការពារជំងឺ COVID-19 នៅក្នុងកាលៈទេសៈដែលគ្រោះភ័យ នៃជំងឺនេះកំពុងតែគំរាមមកលើសុខភាពរបស់ប្រជាជនកម្ពុជាយើង។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីស្នេហាជាតិ និងប្រជាជនរបស់លោកឧកញ៉ា និងលោកជំទាវ។ សូមលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការីទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃនេះឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសនេះ កើតឡើងភ្លាមៗ ក្រោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូន ប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។
សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។
សម្តេចតេជោ ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់។
កាយវិការនៃការបរិច្ចាគថវិការបស់ឧកញ៉ា ឡេង ណាវ៉ាត្រា នាំឱ្យមានការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងពីមហាជន។ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានអតីតភាពជាពលករប្រទេសកូរ៉េខាងត្បូង ជាឧកញ៉ាមួយរូប ដែលតែងតែចូលរួមដោះស្រាយការលំបាកជាមួយរាជរដ្ឋាភិបាល រាល់ពេលរាជរដ្ឋាភិបាលមានការលំបាក។
ឧកញ៉ាវ័យក្មេងនៅកម្ពុជារូបនេះ ធ្លាប់បានជួយរាជរដ្ឋាភិបាលច្រើនលើករួចមកហើយ ដូចជាការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងដោះស្រាយការលំបាកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាដើម៕