(ភ្នំពេញ)៖ ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានផ្តល់ជូនរដ្ឋបាលផ្សារដេប៉ូទី២ ដឹកនាំដោយលោកស្រី ឆេង ចាន់ថន ចៅសង្កាត់រងទី១ ព្រមទាំងមន្ត្រីសង្កាត់ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅផ្សាញ៉ែ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
លោកស្រី ឆេង ចាន់ថន បានឲ្យដឹងថា រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី២ បានដឹកនាំក្រុមការងារចុះចែកជូនអាជីវករលក់នៅផ្សារញ៉ែ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស។ ក្នុងនោះ រដ្ឋបាលសង្កាត់ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។
លោកស្រី ឆេង ចាន់ថន បានបន្តថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺជារលកថ្មីមួយទៀត ដែលជម្ងឺកូវីដ-១៩ បានវាយលុកចូលសហគមន៍ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង ទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងវិធានការណ៍របស់ក្រសួងសុខាភិបាល។
មួយវិញទៀត បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ បើមានការងារមិនអាចខានបានពេលចេញខាងក្រៅ សូមពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ ឧស្សាហ៍លាងសម្អាតដៃ ជាមួយអាល់កុល ឬជែល រក្សាកម្លាតសង្គម និងកុំមានការជួបជុំគ្នាច្រើន៕