(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោកថ្លែងបែបនេះ នៅក្នុងពិធីបើកសន្និសីទអន្តរជាតិស្តីពី «ការពង្រឹងតួនាទីស្ត្រីក្នុងការកសាង និងការថែរក្សាសន្តិភាព៖ ពីការប្តេជ្ញាចិត្តរហូតដល់លទ្ធផល» ដែលបានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ត្រី និងក្មេងស្រី មានអំណាចក្នុងការផ្លាស់ប្តូរ និងជំរុញការអភិវឌ្ឍប្រកបដោយវិជ្ជមាន។ ពួកគេអាចចូលរួមចំណែក ជួយកសាងសង្គមប្រកបដោយភាពត្រឹមត្រូវ បរិយាប័ន្ន វិបុលភាព និងសន្តិភាព។ ទោះបីជាយ៉ាងណាក៏ដោយ ផ្នត់គំនិតអំពីសក្តានុពល និងការពាក់ព័ន្ធរបស់ស្ត្រី និងក្មេងស្រី នៅតែបន្តកើតមាន ជាពិសេស ក្នុងវិស័យកសាងសន្តិភាព និងសន្តិសុខ»

លោកបន្តថា ពីអតីតកាលដ៏មហាសោកនាដកម្ម កម្ពុជាបានមើលឃើញពីថាមពល និងភាពរឹងមាំរបស់ស្ត្រី ក្នុងការកសាងសង្គមជាតិរបស់យើងឡើងវិញ ព្រមទាំងបង្កើតបរិយាកាសសន្តិភាព និងសន្តិសុខ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។ ហេតុដូច្នេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកសម្តែងការស្វាគមន៍ ចំពោះសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ នៅក្នុងការកសាង និងការទ្រទ្រង់សន្តិភាព ក៏ដូចជាផែនការសកម្មភាពទាំង៧ចំណុចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការកសាងសន្តិភាពឆ្លើយតបនឹងយេនឌ័រ។

លោក ប្រាក់ សុខុន បន្ថែមថា សមភាពយេនឌ័រ គឺជាតម្លៃស្នូលមួយក្នុងចំណោមតម្លៃស្នូលជាច្រើនទៀត ដែលបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់យើងនៅគ្រប់កម្រិត។ ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នមន្ត្រីរាជការជាស្ត្រីមានចំនួន ៤១ភាគរយ ក្នុងចំណោមមន្ត្រីរាជការសរុបទាំងអស់ ក្នុងឆ្នាំ២០២០ ហើយតួលេខនេះកំពុងតែកើនឡើងក្នុងតួនាទីជាអ្នកដឹកនាំ និងក្នុងមុខតំណែងជាអ្នកធ្វើសេចក្តីសម្រេចចិត្ត។ ស្ត្រីកម្ពុជាបច្ចុប្បន្នបានទទួលនូវការគាំទ្រ និងការគាំពារសង្គមកាន់តែប្រសើរឡើង តាមរយៈការជំរុញឱ្យទទួលបានការថែរក្សាសុខភាព ការការពារផ្នែកច្បាប់ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ ហើយធនធានសេដ្ឋកិច្ច ដូចជា តាមរយៈការពង្រីកឥណទានសម្រាប់សហគ្រាសធុនតូចបំផុត តូច និងមធ្យម ដែលមានចំនួន៦១ភាគរយ គ្រប់គ្រងដោយស្ត្រី។

លោកបន្តទៀតថា ការចូលរួមរបស់ស្ត្រីក្នុងការថែរក្សាសន្តិភាព គឺជាជ្រុងមួយផ្សេងទៀតនៃការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី តាមរយៈការលើកតម្កើងតួនាទីរបស់ស្ត្រី នៅក្នុងការកសាងពិភពលោកមួយប្រកបដោយសន្តិភាព។

«ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពជាស្ត្រីចំនួន៤១៩នាក់ ក្នុងចំណោមកងរក្សាសន្តិភាពសរុបចំនួន ៧.១២៣ នាក់ ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសចំនួន៩។ ឆ្នាំនេះ ស្ត្រីចំនួន៩២នាក់ ក្នុងចំណោមកងរក្សាសន្តិភាពកម្ពុជាចំនួន៧៨១នាក់ កំពុងបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រាំប្រទេស។ បច្ចុប្បន្ន កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៉ី និងជាប់ចំណាត់ថ្នាក់លេខ១៧ក្នុងពិភពលោក ដែលបានបញ្ជូនកងទ័ពជាស្ត្រីចូលរួមប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ»។ នេះបើតាមលោក ប្រាក់ សុខុន។

លើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិលេខ១៣២៥ និងលេខ១៨៨៩ ក៏ដូចជា ការអនុវត្តតាម របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ប្រមុខការទូតកម្ពុជា ជឿជាក់ថា រដ្ឋសមាជិកគួរតែ៖

* យកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះស្ថានភាពរបស់ស្ត្រី និងក្មេងស្រីដែលប្រឈមនឹងការកើនឡើងនូវអំពើហិង្សា និងសេចក្តីលំបាកវេទនាផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។
* ជំរុញការទទួលស្គាល់ស្ត្រី ដែលជាឆ្អឹងខ្នងនៃសង្គម និងកម្លាំងដែលមិនអាចខ្វះបានសម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
* ពង្រឹងបទដ្ឋានអន្តរជាតិដែលអាចឱ្យស្ត្រីអនុវត្តសិទ្ធិដោយស្មើភាព និងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងបញ្ជ្រាបបទដ្ឋានទាំងនោះនៅថ្នាក់ជាតិ។
* បង្កើនកិច្ចប្រឹងប្រែងក្នុងការលុបបំបាត់ការរើសអើងផ្អែកលើយេនឌ័រ និងលើកទឹកចិត្តឱ្យមានការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងការសម្រេចផ្នែក
គោលនយោបាយ។

លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីប្រាប់សន្និសីទនេះនូវការប្តេជ្ញាចិត្តបន្តរបស់កម្ពុជា ក្នុងការបង្កើននូវការជ្រើសរើសស្ត្រីឱ្យចូលបម្រើការងារ បង្កើតបរិយាកាសអំណោយផលសម្រាប់ស្ត្រី ដើម្បីឈានសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ និងពង្រីកការចូលរួមរបស់ពួកគេនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងដំណើរការកសាងសន្តិភាពជុំវិញពិភពលោក៕