(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទៅពិនិត្យសំណាក នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាព្រឹកថ្ងៃទី០៨ ខែធ្នូស្អែកនេះ សូមរក្សាគម្លាតសុវត្ថិភាព និងអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។
តាមរយៈបណ្ដាញព័ត៌មាន Fresh News លោក ឃួង ស្រេង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវទៅពិនិត្យសំណាក នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃស្អែក សូមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល គឺរក្សាគម្លាតសុវត្ថិភាព ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ឲ្យបានដើម្បីចូលរួមទប់ស្កាត់បង្ការការឆ្លងរីករាលនូវជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលសហគមន៍យើង»។
ជាមួយគ្នានេះ លោក ឃួង ស្រេង បានអះអាងថា នៅព្រលប់ថ្ងៃទី០៧ ខែធ្នូ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ដ្រីរបស់ក្រសួងសុខាភិបាល បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅជុំវិញ និងក្នុងទីតាំងដែលត្រូវពិនិត្យសំណាករួចរាល់ហើយផងដែរ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលត្រូវមកពិនិត្យសំណាក។
គួរជម្រាបថា លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល, អ្នកតំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សម្ដេចតេជោ, វិទ្យាស្ថានសុខភាពសាធារណៈ, សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលការរៀបចំ ធ្វើទីតាំងដើម្បីយកសំណាកជាលើកទី២ សម្រាប់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្ដិការណ៍ «សហគមន៍២៨វិច្ឆិកា» សម្រាប់ព្រឹកស្អែកនេះ នៅស្ដាតអូឡាំពិក។
រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងបន្ដថា ការយកសំណាកលើកទី២ សម្រាប់ប្រជាពលរដ្ឋ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល នឹងធ្វើឡើងចាប់ពីម៉ោង ៧ព្រឹកស្អែកតទៅ។
សូមជម្រាបថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។
ជាមួយគ្នានេះ ក្រសួងសូមអញ្ជើញអ្នកប៉ះពាល់ ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ អញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានទីតាំងនៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងតាមបណ្តាមន្ទីរសុខាភិបាលខេត្ត (ដែលទទួលខុសត្រូវក្នុងការរៀបចំទីកន្លែងដែលពេលនោះ សម្រាប់អ្នកប៉ះពាល់នៅតាមខេត្ត)។
គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕