(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្តីពីការប្តេជ្ញារួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងផ្សព្វផ្សាយសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដោយចូលរួមពីជួរថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះដែរលោក ជាវ តាយ បានលើកឡើងថា រដ្ឋបាលខេត្តកំពត បានយកចិត្តទុកដាក់ខ្លាំងណាស់ អំពីបញ្ហាការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ពិសេសព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា« ហើយរដ្ឋបាលខេត្តបានជំរុញ និងផ្សព្វផ្សាយឱ្យអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។ លើសពីនេះ រដ្ឋបាលខេត្ត ក៏បានត្រៀមកន្លែង សម្រាប់ធ្វើចត្តាឡីស័ក ៨កន្លែង ស្មើនឹង១៥៨បន្ទប់ នៅទូទាំង ៨ស្រុក ក្រុង។
លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តក៏បានចេញនូវសេចក្តីណែនាំមួយ ស្តីអំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសហគមន៍ ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីឱ្យអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមអនុវត្តទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ និងធានាថាខេត្តកំពត មិនមានករណីឆ្លងរីករាលដាលជំងឺកូ-១៩ នៅក្នុងសហគមន៍។
ទន្ទឹមគ្នានេះលោក ជាវ តាយ ក៏បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ត្រូវចាត់តាំងដឹកនាំដោយផ្ទាល់ ក្នុងការចុះតាមដានត្រួតពិនិត្យជាប្រចាំ នៅទីតាំងអាជីវកម្ម និងកន្លែងផ្តល់សេវាទេសចរណ៍ ទីផ្សារ ទីប្រជុំជន គ្រឹះស្ថានសាធារណៈ និងឯកជន កន្លែងសាសនានានា មន្ទីរសម្រាកព្យាបាលជំងឺ កន្លែងលក់ដូរគ្រប់ប្រភេទ ក្នុងការអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ឱ្យបានម៉ត់ចត់តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន។
លោកអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ត្រូវរាយការណ៍ប្រាប់អាជ្ញាធរ និងត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅផ្ទះដោយខ្លួនឯង ដោយមានការពិនិត្យតាមដានពីក្រុមគ្រូពេទ្យជំនាញ៕