(ភ្នំពេញ)៖ ម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន ចំនួន២០០០ម៉ាស់ ត្រូវបានសាលាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ និងលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ ព្រមទាំងមន្ត្រីសាលាខណ្ឌ និងសង្កាត់ បានចុះចែកម៉ាសជូនប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិដើមស្លែង និងភូមិដើមស្លែងទី១ និង២សហគមន៍ទៀត គឺសហគមន៍ថ្មសាន និងសហគមន៍ចុងដី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
លោក រស់ សុភ័ក្រ និងលោក យ៉ិន វុធ បានឲ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺជារលកថ្មីមួយទៀត ដែលជម្ងឺកូវីដ-១៩ បានវាយលុកចូលសហគមន៍ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ ចូលរួមប្រយុទ្ឋប្រឆាំងទាំងអស់គ្នា ដោយគ្រាន់តែអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង វិធានការណ៍របស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ លោក រស់ សុភ័ក្រ បានធ្វើការសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធ្វើឲ្យផែនការយុទ្ឋសាស្ត្រ នៃការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ទទួលបានជោគជ័យ និងមិនរីករាលដាលធ្ងន់ធ្ងរបន្ថែមទៀត។
ជាមួយគ្នានោះ លោកអភិបាលរងខណ្ឌ ក៏បានពន្យល់ណែនាំ ពីការប្រកាសរបស់ក្រសួងសុខាភិបាលថា ជំងឺកូវីដ-១៩ ក៏អាចឆ្លងតាមក្រដាសប្រាក់បានដែរ ហើយការឆ្លងនេះ គឺលឿនជាទីបំផុត។ ប្រសិនបើអ្នកជំងឺកូវីដ-១៩ កាន់ក្រដាសប្រាក់នោះ រួចហុចបន្ដទៅអ្នកដ៏ទៃទៀត ហើយនៅពេលអ្នកនោះចាប់កាន់លុយ និងដៃមកប៉ះច្រមុះ មាត់ ឬភ្នែកជាដើម នឹងធ្វើឲ្យឆ្លងជំងឺកូវីដ-១៩ ជាក់ជាមិនខាន ដូច្នេះលុយ ក៏ជាប្រភពនៃការចម្លងផងដែរ សូមប្រុងប្រយ័ត្នទាំងអស់គ្នា ចំណែកកន្លែងគ្លីនិកពេលមានភ្ញៀវចេញ-ចូល ត្រូវវាស់កម្តៅឱ្យបានត្រឹមត្រូវ បើមានសភាពមិនស្រួល សូមឱ្យគាត់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យជាបន្ទាន់ ។
មួយវិញទៀត បើមិនចាំបាច់ទេ សូមកុំចេញក្រៅផ្ទះ បើមានការងារមិនអាចខានបានពេលចេញខាងក្រៅ សូមពាក់ម៉ាសឲ្យបានជាប់ជាប្រចាំ ឧស្សាហ៍លាងសម្អាតដៃ ជាមួយអាល់កុល ឬជែល រក្សាកម្លាតសង្គម និងកុំមានការជួបជុំគ្នាច្រើន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៤៨នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤២នាក់៕