(ភ្នំពេញ)៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៦ផ្ទាំង ត្រូវបានបាក់រាបដល់ដី ខណៈដែលមានរថយន្ត TAXI ម៉ែត្រ១គ្រឿង បានបើកបោះពួយយ៉ាងលឿន ហើយក៏រេចង្កូតទៅបុកបណ្តាលឲ្យបាក់ តែមិនបណ្តាលឲ្យអ្នកបើកបរមានអ្នករងរបួសទេ គ្រាន់តែខូចខាតរថយន្ត និងរនាំងដែកតែប៉ុណ្ណោះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០៖៣០នាទី យប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសម្តីរបស់អ្នកឃើញហេតុបាននិយាយថា គេបានឃើញរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB-4617 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៍រេចង្កូតទៅបុករនាំងដែក បាក់អស់ចំនួន៦ផ្ទាំង ធ្វើឲ្យរថយន្តបង្កដាច់ក្រឡេកង់មុខ ទៅលែងរួចតែម្តង។
អ្នកបើកបររថយន្តបង្កខាងលើបានឲ្យដឹងដែរថា មុនពេលកើតហេតុនេះ មកពីគាត់បើករថយន្តគេចជាមួយរថយន្តមួយគ្រឿងផ្សេងទៀត ទើបធ្វើឲ្យរថយន្តរបស់គាត់រេចង្កូតទៅ បុករនាំងចែកទ្រូងផ្លូវបែបនេះតែម្តង មិនមែនគាត់ស្រវឹងស្រាទេ។
ក្រោយកើតហេតុក៍មាននគរបាលចរាចរណ៍ក្រុង មកស្ទួចរថយន្តបង្កព្រមទាំងឃាត់ខ្លួនអ្នកបើកបរ យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំ ដោះស្រាយនៅពេលក្រោយគ្នាតាមផ្លូវច្បាប់៕