Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវទាំង៣៤ខ្សែនៅព្រះសីហនុ ចាប់ផ្តើមអ៊ុតកៅស៊ូ, លោក គួច ចំរើន រំលឹកក្រុមហ៊ុនកុំលួចកម្រាស់កៅស៊ូ

07-12-2020 17:21

(ព្រះសីហនុ)៖ បន្ទាប់ពីបញ្ចប់ការសាងសង់ផ្នែកបេតុង ឥឡូវនេះផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ បានចាប់ផ្តើមអ៊ុតកៅស៊ូពីលើហើយ។ ការអ៊ុតកៅស៊ូនេះ បានចាប់ផ្តើមឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ការចាប់ផ្តើមដំណើរការអ៊ុតកៅស៊ូពីលើផ្លូវបេតុងទាំង ៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ ត្រូវបានធ្វើឡើងក្រោមការពិនិត្យដោយផ្ទាល់របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០២ ខែធ្នូ កន្លងទៅនេះ។

ដំណើរការអ៊ុតកៅស៊ូនេះ ក៏ត្រូវបានតាមដានពិនិត្យយ៉ាងដិតដល់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុផងដែរ។ ដើម្បីធានាថា ការអ៊ុតកៅស៊ូធ្វើឡើងត្រឹមត្រូវទៅតាមបច្ចេកទេសដែលបានកំណត់នោះ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ លោក គួច ចំរើន បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលសកម្មភាពអ៊ុតបេទីមលើផ្លូវទាំង ៣៤ខ្សែនេះ។

ក្នុងឱកាសនោះ លោក គួច ចំរើន បានណែនាំដល់ក្រុមហ៊ុនអ៊ុតបេទីមទាំង ០៣ក្រុមហ៊ុន ត្រូវបំពេញការងារប្រកាន់ភ្ជាប់នូវបរិមាណ គុណភាព និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស និងស្តង់ដារ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ មានភាពងាយស្រួល។

សូមបញ្ជាក់ថា ផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ដើម្បីធានាដល់ភាពជាប់មាំ និងប្រើប្រាស់បានយូរនោះ ផ្លូវទាំង៣៤ខ្សែនេះ ត្រូវបានធ្វើឡើងដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាព។ ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ហើយក្រាលកៅស៊ូបេទីមពីលើកម្រាស់ ៧០មិល្លីម៉ែត្រ៕