(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើការបង្ហោះព័ត៌មានប្រឌិត មិនពិត បំពុលបរិយាកាសសង្គម ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ស្លន់ស្លោ ស្តីពីបញ្ហា នៃការរីករាលដាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងការសោកស្ដាយនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នៅពេលនេះរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុងសហការគ្នា យ៉ាងសស្រាក់សស្រាំ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការ ការឆ្លងវីរុសកូរឹត-១៩ នៅក្នុងសហគមន៍។
បើតាមសេចក្ដីថ្លែងការណ៍ដដែលនោះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានចាំបាច់នានា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលជូនសាធារណជន និងថ្វាយប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បានជ្រាបមិនថាពេលយប់ឬពេលថ្ងៃ នៅទីកន្លែងណានោះទេ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ចេញព័ត៌មានទាន់ហេតុការណ៍យ៉ាងសកម្ម ពីព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ផងដែរ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាល ជាស្ថាប័នមានអាទិភាព ក្នុងការផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងការឆ្លងវីរុសកូរឹត-១៩នេះ។ ដូច្នេះសូមសាធារណជន មេត្តាតាមដានទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន Samdech Hun Sen, Cambodian Prime Minister (https://www.facebook.com/ hunsencambodia) និងដើម្បីបានជ្រាបច្បាប់អំពីចំណាត់ការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជាទំព័រ Facebook របស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា (https://www.facebook.com/MinistryofcalthCambodia) ឬមានចម្ងល់ចង់ជ្រាបច្បាស់ជាយថាហេតុណាមួយ សូមទំនាក់ទំនងទៅកាន់លេខ ១១៥។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់ ចំពោះការផ្សព្វផ្សាយបន្តព័ត៌មានប្រឌិត ដែលមិនមែនជាប្រភពផ្លូវការ៕