(ភ្នំពេញ)៖ រយៈពេល១១ខែ ចាប់គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន៩,៦០៣ករណី ដោយឃាត់ខ្លួនមនុស្ស ១៩,៥៧៦នាក់។
យោងតាមរបាយការណ៍យុទ្ធនាគារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យ ដែលឃាត់ខ្លួនទាំង១៩,៥៧៦នាក់នេះ មានស្រីចំនួន១២០៦នាក់ ហើយជនបរទេសចំនួន៣១៨នាក់ (ស្រី៤៣) មាន១៤សញ្ជាតិ។
សម្រាប់ករណីគ្រឿងញៀន ដែលបង្ក្រាបបានរួមមាន៖ ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះបង្ក្រាបចំនួន ៦១១៦ករណី ឃាត់មនុស្ស១១៤៧៧នាក់ (ស្រី៩០៣នាក់) និងករណីប្រើប្រាស់ចំនួន៣៤៨៧ករណី ឃាត់មនុស្ស៨០៩៩នាក់ (ស្រី៣០៣នាក់)។ ចំពោះការអនុវត្ដន៍ដីកា មានចំនួន៤៦៣ដីកា ឃាត់៤២៩នាក់ (ស្រី៩នាក់)។
សារធាតុញៀនគ្រប់ប្រភេទដែលរឹបអូសបានមានចំនួន៣១៥៧គីឡូក្រាម និង ៧៦៣កញ្ចប់តូច, កញ្ឆាជាង២៨៩គីឡូក្រាម និងសម្ភារចាប់យក មានរថយន្ដ១៣៣គ្រឿង ម៉ូតូ២៤១០គ្រឿង ទូរស័ព្ទ៧១៧០គ្រឿង ជញ្ជីង៤៧៥គ្រឿង អាវុធខ្លី២៧ដើម អាវុធវែង២៣ដើម៕