(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ និងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងមន្ត្រីក្រោមឱវាទច្រើននាក់ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវក ប្រជាពលរដ្ឋតាមផ្សារកំពង់ធំ ផ្សារចាស់ និងតាមភោជនីយ៍ដ្ឋានជុំវិញខេត្ត ពីវិធានការការពារជំងឺកូវីដ១៩ និងជៀសផុតពីការឆ្លង ខណៈពេលកំពុងផ្ទុះចូលក្នុងសហគមន៍។
លោក ព្រឹម រដ្ឋា បានផ្តាំផ្ញើដល់មន្ត្រីស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ បង្ការឱ្យបានពីការឆ្លងជំងឺដ៏កាចសាហារនេះ ដោយត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួន លើការរក្សាអនាម័យខ្ពស់ ត្រូវហូបស្អាត ផឹកទឹកស្អាត រស់នៅស្អាត និងត្រូវសម្អាតកន្លែងបំពេញកិច្ចការងារ ត្រូវលាងដៃជាមួយសាប៊ូ និងអាល់កុលឲ្យបានញឹកញាប់ជាប្រចាំគ្រប់ពេលវេលា និងជារៀងរាល់ថ្ងៃ។
លោក ព្រឹម រដ្ឋា អភិបាលរងខេត្តបានបន្តថា មូលដ្ឋានបានចុះធ្វើការផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការឆ្លងរាល់ដាលជម្ងឺកូវីដ១៩ (Covid-19) តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងពាំនាំនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនោះដែលអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ក៏បានណែនាំដល់ម្ចាស់ភោជនីយដ្ឋាន ដោយត្រូវការគម្លាគ្នា តុ កៅអី យ៉ាងតិច១.៥ម៉ែត្រ ត្រូវសម្អាតតាមតុ តាមកៅអីឱ្យបាន ញឹកញាប់ ដោយការបាញ់ទឹកអាកុល ពេលភ្ញៀវចូលមកត្រូវមានការបាញ់កម្តៅ ប្រសិនភ្ញៀវមានកម្តៅលើស៣៧អង្សា ត្រូវបញ្ឈប់ ឃាត់ខ្លួនគាត់ ហើយប្រញាប់ រាយការទៅកាន់អាជ្ញាធរ ឬខលទៅកាន់លេខ ១១៥ ជាបន្ទាន់ ឬឱ្យគាត់ទៅពិនិត្យនៅសាលាបឋមសិក្សារកំពង់ធំដើម្បីធ្វើចត្តាឡីស័ក ហើយឱ្យក្រុមគ្រូពេទ្យពិនិត្យ។
អភិបាលរងខេត្តកំពង់ធំ និងអភិបាលក្រុងស្ទឹងសែន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តតាមក្បួនអនាម័យនៃសារាចរណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងរក្សាគំលាតសង្គមក្នុងនោះត្រូវ៖
* ទី១៖ ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំគ្នាជាក្រុមធំ
* ទី២ ៖ អនុញ្ញាតឲ្យមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១.៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។
* ទី៣៖ គ្រប់អាជីវករទាំងអស់ត្រូវពាក់ម៉ាស់ជាប្រចាំ ក្នុងអំឡុងពេលលក់ដូរ ត្រូវមានអាល់កុល ឬជែលសម្រាប់ប្រជាពលរដ្ឋលាងសំអាត ដៃរាល់ពេល ទទួលទំនិញផ្សេងៗ ពីគ្នាទៅវិញទៅមក។
* ទី៤៖ គ្រប់ភោជនីយដ្ឋានទាំងអស់ត្រូវរៀបចំឲ្យមានអាល់កុល ឬជែល ឧបករណ៍វាស់កំដៅសម្រាប់វាស់ជូនគ្រប់ភ្ញៀវទាំងអស់ដែលបានចូលពិសារភោជនីអាហារ។
* ទី៥៖ រាល់ពេលទំនាក់ទំនងជាមួយភ្ញៀវ កុំម្មង់ម្ហូប និងលើកម្ហូបអាហារត្រូវពាក់ម៉ាស់ និងរក្សាគំលាតសុវត្ថិភាពផងដែរ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំធ្វើដំណើរចេញទៅក្រៅមូលដ្ឋានភូមិរបស់ខ្លួន ក្នុងករណីមិនចាំបាច់។ ចំពោះករណីចាំបាច់ផ្សេងៗត្រូវប្រើប្រាស់កន្សែង ឬម៉ាស់ជាប្រចាំ ជាពិសេសទៅផ្សារ ត្រូវមានអាកុល ឬជែលដាក់តាមខ្លួនដើម្បីលាងសំអាតជាប្រចាំ ការពារខ្លួនឯងផងដែរ៕