(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងជំនួបកំពូល ASEAN សហរដ្ឋអាមេរិក នៅ Sunny Land រដ្ឋកាលីហ្វញ៉ា ស.រ.អា, មានបញ្ហាលើកឡើង អំពីបំណងធ្វើបាតុកម្មប្រឆាំង ទៅលើសម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក ពីសំណាក់ក្រុមបក្សប្រឆាំង និងប្រកាសធ្វើបាតុកម្មតបតនៅទីក្រុងភ្នំពេញផងដែរ។ ដោយបញ្ហានេះត្រូវបានលោក ផៃ ស៊ីផាន ផ្តល់បទសម្ភាសន៍ទាំងស្រុង ស្តីពីក្រុមប្រឆាំង និងទស្សនកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងជំនួបកំពូលសហរដ្ឋអាមេរិក។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាង Fresh News ជាមួយមន្រ្តីជាន់ខ្ពស់លោក ផៃ ស៊ីផាន៖
Fresh News: នៅថ្ងៃខាងមុខនេះ គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ចូលរួមវេទិកាកំពូលរវាង ASEAN និងស.រ.អា នៅលើដែនដីរដ្ឋកាលីហ្វញ៉ា ស.រ.អា ទីក្រុង Sunny Land ឬទឹកដីនៃពន្លឺព្រះអាទិត្យ តើឯកឧត្តម មានយោបល់បែបណាដែរ ចំពោះនិន្នាការនេះ?
លោក ផៃ ស៊ីផាន៖ អរគុណចំពោះសំណួរ ដែលលើកយកពាក្យគន្លឹះនៃនិន្នាការមករួមគ្នាពិចារណា។ យើងដឹងហើយថា ឋានៈរបស់ ស.រ.អា ទំនាក់ទំនងជាមួយ ASEAN គឺមានត្រឹមតែដៃគូរពិភាក្សាទេ ហើយគ្មានសុពលភាពអ្វីក្រៅពីពិភាក្សាតែប៉ុណ្ណោះ។ នៅក្នុងរូបភាពនៃនិន្នាការ ជំនួបកំពូលលើកទីមួយ ឬវិសាមញ្ញនេះ គឺជាការផ្តួចផ្តើមរបស់ប្រធានាធិបតីជិតផុតអាណត្តិ (បារ៉ាក់ អូបាម៉ា) នៃការបង្ហាញជានិមិត្តរូបនូវបំណង ស.រ.អា ក្នុងការតម្លើងកម្រិតទំនាក់ទំនងឲ្យបានល្អ និងចង់បានកិច្ចសហការពីបណ្តាប្រជាជាតិ ASEAN ទាំងដប់។ និមិត្តរូបនៃបំណងជំនួបកំពូលនេះ គឺជាប្រវត្តិសាស្ត្រលើកទីមួយរបស់ ASEAN និងស.រ.អា បន្ទាប់ពីស.រ.អា បោះបង់ ASEAN ចោលតាំងពីឆ្នាំ១៩៧៥ ម្ល៉េះ ជាពិសេសបណ្តាប្រទេសនៅឥណ្ឌូចិន កម្ពុជា លាវ វៀតណាម។
ជំនួបនេះក៏អាចជាទិដ្ឋភាពនៃនិម្មិតរូបនៃការផ្សះផ្សាររវាងស.រ.អា និងអតីតសម្ព័ន្ធមិត្តចាស់ និងប្រវត្តិសាស្ត្ររបស់គេ គឺហ្វីលីពីន និងថៃ ដែលស.រ.អា ជួយរៀបចំតំបន់នយោបាយ អាស៊ីអាគ្នេយ៏ ប្រឆាំងនិងកុម្មុនីសដែលជាអង្គការ សីអាតូ។ ហើយអង្គការសីអាតូ ដែលជាយុទ្ធសាស្ត្រប្រឆាំងនិងចិន ឬកុម្មុយនិស ក៏បាត់បង់នូវឥទ្ធិពលរបស់ខ្លួនក្នុងកិច្ចសម្ព័ន្ធភាពការពារផលប្រយោជន៍ ស.រ.អា ហើយក៏បានបន្តកសាងសម្រាប់តំបន់របស់ខ្លួនវិញ នូវផលប្រយោជន៍សន្តិសុខតំបន់ សេដ្ឋកិច្ចតំបន់ ជាមួយនិងការពង្រឹងសន្តិភាព និងកិច្ចសហប្រតិបត្តិការប្រចាំតំបន់ គេចចេញពីការញ៉ាំញ៉ីពីមហាអំណាចបរទេស គឺ សមាគមប្រជាជាតិអាសៀន ASEAN។ នេះជានិន្នាការថ្មីរបស់ ស.រ.អា ជាមួយនិងប្រជាជាតិ ASEAN ដែលមានភូមិសាស្ត្ររបស់តំបន់ ជាប់ជាមួយនិងចិន។
Fresh News: តើជំហររបស់កម្ពុជានៃនយោបាយការបរទេសរបស់ សម្តេចតេជោ មានទីតាំងច្បាស់លាស់បែបណា ដែលគេយល់ឃើញថា ជាប្រជាជាតិជិតស្និត ឬចំណុះជាមួយចិន?
លោក ផៃ ស៊ីផាន៖ សំណួរនេះ គឺតាងឲ្យមតិដែលពុំយល់នយោបាយកម្ពុជាច្បាស់ ឬមិនសុច្ចរិត និងយុត្តិធម៌សម្រាប់បច្ចុប្បន្នភាពកម្ពុជារវាង មហាអំណាច ស.រ.អា និងមហាអំណាចចិន។
សម្តេចតេជោ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន បានលើកឡើងក្នុងរយៈពេលកន្លងរាប់ឆ្នាំមកហើយ ហើយនៅពេលថ្មីៗនេះ បន្ទាប់ពី ឯកឧត្តម ចន ឃេរី ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសចិន សម្តេចតេជោ ក៏ បានប្រាប់ផ្ទាល់ទៅលោក ចន ឃេរី ក៏ដូចជាសាធារណៈថា កម្ពុជាពុំជ្រើសរើសអាមេរិក ឬចិននោះទេ ជម្រើសរបស់កម្ពុជា គឺផលប្រយោជន៍ និងសន្តិភាពរបស់ប្រជាជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ កម្ពុជា តាមរយៈការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺកម្ពុជាមិនមែនជាចៅក្រម ឬតុលាការ ក្នុងការវិនិច្ឆ័យ ឬស្វែងរកអ្នកណាខុស អ្នកណាត្រូវ ក្នុងការវិវាទរបស់ប្រទេសណាមួយឡើយ។ កម្ពុជា បាននាំមុខ និងធ្វើ ក្នុងកិច្ចស្វែងរកដំណោះស្រាយ ដោយសន្តិវិធី លើបញ្ហាវិវាទអធិបតេយ្យភាពរវាងចិន និងប្រទេសសមាជិក ASEAN ដែលពាក់ព័ន្ធទៅលើបញ្ហឈូងសមុទ្រចិនខាងត្បូង។ កម្ពុជាបាននាំមុខ និងតាក់តែងនៃស្មារតីនៃសេចក្តីប្រកាសរួមរបស់ ASEAN នៅទីក្រុងភ្នំពេញ (DOC) និងរៀបចំនូវក្រិតក្រមការងារ នៃការ ដេាះស្រាយ វិវាទអធិបតេយ្យនេះ (COC) ហើយដំណើរការទាំងអស់នោះ នៅតែបន្ត ហើយនិងគ្មានការប្រែប្រួល ផ្លាស់ប្តូរជាគោលការណ៍ រឺអនុវត្តន៍ រហូតដល់បច្ចុប្បន្នកាលនេះ។ នេះជាការចូលរួមរបស់កម្ពុជា ហើយកម្ពុជានូវតែចំណាយរាល់ស្មារតី និងកំលាំងរបស់ខ្លួនក្នុងកិច្ចថែរក្សា វេទិកាចូលរួមពិភាក្សា ដោះស្រាយជាថ្នាក់តំបន់ និងអន្តរជាតិជាបន្ត។
ចំពោះករណីនៃការប្រកួតប្រជែង ឥទ្ធិពលស.រ.អា និងចិន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន កាលពីពីរឆ្នាំមុន លោកបានពន្យល់ប្រាប់ដល់ ឯកឧត្តម ឧត្តមនាវី មេបញ្ជាការ កងទ័ពជើងទឹក នាវាប្រយុទ្ធទីប្រាំពីរ ប្រចាំការនៅតំបន់អាស៊ីថា កម្ពុជានៅតែគាំទ្រ និងវាយតម្លៃខ្ពស់ក្នុងកិច្ចទំនាក់ទំនងល្អ រវាងសហរដ្ឋអាមេរិក និងចិន ដោយកម្ពុជាយល់ឃើញថា ប្រទេសទាំងពីរដើរតួរដ៏មានសារៈសំខាន់ណាស់ក្នុងបរិបថ សន្តិភាព និងស្ថេរភាពពិភពលោក។
Fresh News: តើផលរំពឹងទុករបស់រាជរដ្ឋាភិបាល នៅក្នុងទស្សនកិច្ច នៃការចូលរួមវេទិកា ASEAN និងស.រ.អា ដែលពុំដែលមានទេ នៅក្នុងប្រវត្តិសាស្ត្រ និងជាកិត្តិយសក្នុងចំណោមប្រជាជាតិ ASEAN ទាំងមូលនេះ?
លោក ផៃ ស៊ីផាន៖ អរគុណបើយើងពិនិត្យនូវអ្វី ដែលជារបៀបវារៈផ្លូវការ (១) សមាសភាពចូលរួម(២) ដែលដឹកនាំដោយសម្តេចតេជោ គឺមន្ត្រីជាន់ខ្ពស់ទាំងអស់ សុទ្ធតែជាមន្ត្រីជំនាញពាក់ព័ន្ធវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ហើយជាព័ត៌មានដែលលើកឡើង ដោយ ឯកឧត្តម ចន ឃេរី ដែលលោកសង្កត់ធ្ងន់ថា ស.រ.អា ចង់ធ្វើការឲ្យបានល្អជាមួយកម្ពុជា។ កម្ពុជារីកចំរើនយ៉ាងលឿន..... រីឯ ឯកអគ្គរដ្ឋទូត ស.រ.អា លោក វិលាម ហែត (William A. Heidt) ប្រចាំនៅកម្ពុជា ក៏បានលើកឡើងនៅក្នុងជំនួប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ថា ស.រ.អា មានការចាប់អារម្មណ៍ខ្លាំងក្នុងកិច្ចបណ្តាក់ទុននៅកម្ពុជា អាស្រ័យដោយកម្ពុជា វណ្ណៈកណ្តាល ឬក្រុមដែលមានចំណូលមធ្យមរីកធំឡើងនោះ។ ដូចអ្វីដែលជាព័ត៌មាននេះ ខ្ញុំយល់ថា ផលរំពឹងទុកចេញពីទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូ គឺវិជ្ជមាន មិនត្រឹមតែផលប្រយោជន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនោះទេ ក៏ប៉ុន្តែកម្ពុជា ក៏មានអ្វីដែលជាផលរំពឹងទុក នៃផលប្រយោជន៍របស់ ស.រ.អា ដែលទោះបីជំនួបនេះ បានរៀបចំដោយប្រធានាធិបតី ស.រ.អា ចុងអាណត្តក៏ដោយ ក៏មូលដ្ឋានមួយសម្រាប់អ្នកនយោបាយជាន់ខ្ពស់របស់ ស.រ.អា ដែលស្ថិតនៅក្នុងអាណត្តប្រធានាធិបតីខាងមុខនោះ ដើម្បីអនុវត្តនូវគោលនយោបាយបរទេសមកកាន់តំបន់ ASEAN ក៏ដូចជាកម្ពុជា ដែលគេបានបោះបង់ និងដើរចេញចោលតាំងពីឆ្នាំ១៩៧៥ មក នោះមិនគិតនូវ កិច្ផ្សះផ្សា រវាង ប្រជាជាតិទាំងពីរ ចេញពីអតីតកាល នៃតួរលេខនៃការទម្លាក់គ្រាប់បែក ២លាន ៨សែនតោន មកលើកម្ពុជា ហើយនិងការ ផ្តល់ឱកាសដល់ខ្មែរក្រហម បនប៉ុលពតសម្លាប់ខ្មែរអស់ជិត ៣លាននាក់។
Fresh News: តើការធ្វើបាតុកម្មរបស់ខ្មែរអាមេរិកាំង ប្រឆាំងនិងសម្តេចតេជោ ក៏ដូចជាប្រតិភូកម្ពុជា ក្នុងឱកាសចូលវេទិកាកំពូលស.រ.អា និង ASEAN ឯកឧត្តម មើលឃើញមានផលប៉ះពាល់កិត្តិយស និងមុខមាត់កម្ពុជាដូចម្តេចដែរ?
លោក ផៃ ស៊ីផាន៖ នេះជាសេរីភាព និងទំនៀមទំលាប់របស់ប្រជាពលរដ្ឋអាមេរិកាំង។ អ្វីដែលមិនប្រក្រតីនោះ ជាការពិសោធន៍របស់ខ្ញុំ គឺខ្ញុំមិនដែលឃើញ ប្រជាពលរដ្ឋអាមេរិកាំងធ្វើបាតុកម្មប្រមាថ និងប្រធានាធិបតីជាប់ឆ្នោតរបស់គេទេ ឧទាហរណ៍ជាក់ស្តែងប្រធានាធិបតី G.W Bush បានធ្វើការសម្រេចចិត្តក្នុងការធ្វើសង្គ្រាមជាមួយ អ៊ីរ៉ាក់ ដែលប្រាប់ប្រជាជាតិគេថា អ៊ីរ៉ាក់ មានអាវុធប្រល័យលោក ក៏ប៉ុន្តែជាលទ្ធផល ជីវិតរបស់កូនអាមេរិកាំង បានពលីនៅក្នុងសមរភូមិ ហើយនិងចំណាយលុយរាប់ពាន់លាន ធនធានរបស់ជាតិ ក៏ដោយ ក៏ពុំបានរកឃើញភស្តុតាង ដូចអ្វីដែលជាការលើកឡើងរបស់ប្រធានាធិបតីនោះទេ នោះគិតទាំងនៅក្នុងសហរដ្ឋ និងនៅក្រៅសហរដ្ឋ។ ហើយខ្ញុំយល់ឃើញថា ពលរដ្ឋអាមេរិកាំងទទួលបានសញ្ញាតិ និងខ្មែរអាមេរិកាំងកំពុងតែបង្ក ការរំខាន និង ប្រធាំង នៃកិច្ចប្រឹងប្រែងពង្រឹងទំនាក់ទំនងល្អ ជាមួយនិងកិច្ចប្តេជ្ញារបស់ ស.រ.អា ក្នុងកិច្ចធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យកាន់តែល្អ ប្រសើរឡើង នៃការងារសហការ រឺទំនាក់ទំនងល្អ និងផលប្រយោជន៍រវាង ស.រ.អា និងកម្ពុជា ហើយខ្ញុំយល់ឃើញថា គេទាំងអស់គ្នានោះ ដែលប្រមូលផ្តុំ ដើម្បីធ្វើបាតុកម្ម ប្រឆាំងនិង ដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ គឺមិនតំណាងនៃមតិភាគច្រើនរបស់ខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកនោះឡើយ។ ភាគច្រើនគេអបអរសាទរ ចំពោះគោលនយោបាយបរទេសថ្មី របស់ ស.រ.អា និងកម្ពុជា គេក៏ចូលរួមអបអរសាទរ ជាមួយ ឯកឧត្តម ចន ឃេរី ដែលបានលើកឡើងជាសារធារណៈថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងសម្រេចចិត្តរបស់ ស.រ.អា ដើម្បីធ្វើយ៉ាងណាឲ្យរឹតតែប្រសើរឡើង នៃកិច្ចទំនាក់ទំនងល្អ សហប្រតិបត្តិការជិតស្និត ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងសងខាង។ ខ្ញុំក៏បានឃើញផងដែរថា ប្រជាពលរដ្ឋដែលមានដើមកំណើតខ្មែរ រស់នៅសហរដ្ឋអាមេរិក ក៏បានចូលរួមចំណែកនៃការអភិវឌ្ឍ និងការពារផលប្រយោជន៍ខ្មែរ ទាំងមានសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅឯនាយសមុទ្រ។ ចំពោះរឿងមុខមាត់ និងកិត្តិយសរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដ៏សកម្ម និងប្រសិទ្ធិភាពរបស់សម្តេចតេជោ គឺមិនបាត់បង់ទៅតាមរយៈការធ្វើបាតុកម្មប្រឆាំង និងទស្សនៈកិច្ចនេះឡើយ។ សម្តេចតេជោ តែងតែគូសបញ្ជាក់ជារឿយៗថា សមិទ្ធិផលនៃការអភិវឌ្ឍ វឌ្ឍនភាពរបស់ប្រជាពលរដ្ឋខ្មែរ ភាពក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ សន្តិភាពរបស់ប្រជាជាតិ នោះជាទិសដៅ នឹង សេចក្តីប្រាថ្នា របស់សម្តេចតេជោ និងរាជរដ្ឋាភិបាលរបស់សម្តេច រួមជាមួយនិងការប្តេជ្ញាជាប្រចាំរបស់ CPP។
នៅក្នុងបរិបថនេះផងដែរ មិនត្រឹមតែ ឯកឧត្តម ចន ឃេរី និង ឯកអគ្គរដ្ឋទូត ស.រ.អា បច្ចុប្បន្នប្រចាំនៅកម្ពុជា ដែលបានលើក និងសាទរចំពោះការរីកចំរើនយ៉ាងឆាប់រហ័ស ហើយសហរដ្ឋអាមេរិក សំឡឹងកម្ពុជា ក្នុងទិសដៅ នៃឱកាសបណ្តាក់ទុនរបស់សហរដ្ឋអាមេរិក មកកាន់កម្ពុជា អាស្រ័យដោយកំណើតយ៉ាងឆាប់រហ័សនៃវណ្ណៈកណ្តាល ឬស្រទាប់ដែលមាន ប្រាក់ចំណូលជាមធ្យម ដែលមានថាមពលដ៏ខ្លាំងខ្លា ក្នុងវិស័យសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូត ស.រ.អា ក៏បានប្រាប់ដល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន ថា ពាណិជ្ជករកម្ពុជាដ៏មានថាមពល គឺគេអាចមានលទ្ធភាពក្នុងការបណ្តាក់ទុននៅសហរដ្ឋអាមេរិក បានផងដែរ។ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំគម្រោងទស្សនកិច្ចពាណិជ្ជកម្ម ហើយក៏ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏ចង់ឃើញកម្ពុជា ចុះហត្ថលេខាលើសេចក្តីព្រមព្រៀងពាណិជ្ជកម្ម ឲ្យបានឆាប់ដើម្បី ពង្រឹង ឱកាសពាណិជ្ជកម្មនេះផងដែរ។ នេះជាការគិតផ្ទុយគ្នារវាងរដ្ឋាភិបាលស.រ.អា និងក្រុមខ្មែរអាមេរិកាំង ដែលត្រៀមនឹងធ្វើបាតុកម្មប្រឆាំងនិងរាជរដ្ឋាភិបាល។ ជាមួយបរិបទនេះ ខ្ញុំក៏បាននឹកឃើញ ដល់លោកជំទាវ ខារូ រ៉តលី ដែលជាអតីត
ឯកអគ្គរដ្ឋទូត ស.រ.អា ប្រចាំនៅកម្ពុជា ដែលលោកជំទាវបានលើកឡើងនូវខណៈ ជំនួបជាមួយនិងពលរដ្ឋខ្មែរអាមេរិកាំង នៅ Long Beach ។ ក្នុងនោះលោកជំទាវបានអំពាវនាវ ដល់ខ្មែរអាមេរិកាំង មិនថានៅក្នុងទីក្រុងឡុងប៊ិច ក៏ដូចជា ក្នុង រដ្ឋដទៃ មេត្តាចូលរួមកសាងមុខមាត់កម្ពុជាតាមរយៈសកម្មភាព ក៏ដូចជា ឥរិយាបថ ដើរតួរសំខាន់ជាការងារទូត ក្នុងកិច្ចការពារផលប្រយោជន៍កម្ពុជា និងលើកទឹកចិត្តឲ្យបរទេស ឬសហរដ្ឋអាមេរិក មានភាពវិជ្ជមានក្នុងកិច្ចសហការជាមួយកម្ពុជា ដែលជាមាតុប្រទេសរបស់ខ្លន។
ដូចនេះ ទាំងមតិភាគច្រើនរបស់ខ្មែរអាមេរិកាំង ក៏ដូចជាអ្នករដ្ឋការសហរដ្ឋអាមេរិក បានប្រឹងប្រែងថែរក្សាមុខមាត់កម្ពុជា និងផលប្រយោជន៍កម្ពុជាឲ្យឈានឡើងចេញពី អ្វីដែលជាការយល់របស់ បរទេស ដែលយល់ឃើញថា កម្ពុជាជាវាលពិឃាត និងភាពហិង្សាប្រឆាំងគ្នាគ្មានទីបញ្ចប់៕