(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគ (NCHADS) បានដាក់ឱ្យដំណើរការយុទ្ធនាការផ្សព្វផ្សាយអំពីរឿង ហានិភ័យស្នេហ៍ ជាផ្លូវការកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ បែបលក្ខណៈឌីជីថល ដែលមានការចាក់ផ្សាយនៅតាមទំព័រហ្វេសប៊ុក «ការពារខ្លួនអ្នក» ក៏ដូចជាទំព័រហេ្វសប៊ុកដៃគូរសហការផ្សេងៗទៀត។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា «ការពារខ្លួនអ្នក» ដោយនៅក្នុងកម្មវិធីនោះ មានសាច់រឿងអប់រំមួយដែលមានចំណងជើងថា «ហានិភ័យស្នេហ៍» ដែលនិយាយអំពីជីវិតស្នេហារបស់យុវជន៤នាក់ ដែលមានការប្រព្រឹត្តិប្រឈមខ្លាំងទៅនឹងជំងឺអេដស៏។ ក្រៅពីរឿង «ហានិភ័យស្នេហ៍» នេះហើយនៅក្នុងកម្មវីធីនេះ ក៏មានការចែករំលែក បញ្ហាផ្សេងៗ ទៀតទាក់ទងទៅនឹងជំងឺអេដស៍ ដូចជាការធ្វើតេស្តរកមេរោគអេដស៍ និងកាមរោគតាមរយៈប្រព័ន្ធកក់សេវាអនឡាញ ឈ្មោះថា «តោះតេស្ត» ការប្រើប្រាស់ស្រោមអនាម័យ និង ប្រើប្រាស់ប្រឹព(PrEP)ជាដើម។ នៅក្នុងកម្មវិធីនេះ មានការធ្វើរូបតាំងស្រោមអនាម័យ ក៏ដូចជារូបតាំងប្រភេទថ្នាំថ្មី គឺថ្នាំប្រឹព ដែលជាវិធីសាស្ត្រមានប្រសិទ្ធិភាពលើសពី៩០% នៅក្នុងការបង្ការការចម្លងមេរោគអេដស៍ នៅពេលដែលលេបវារាល់ថ្ងៃ។
នៅថ្ងៃដដែលនោះ លោក វេជ្ជបណ្ឌិត លី ពេញស៊ុន ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានមានចំណាប់អារម្មណ៍ថា «ស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ២០២០ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំព្យាបាលមានចំនួន ៦១, ៩២៨ នាក់។ ប៉ុន្តែតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុបមកដល់ឆ្នាំ ២០១៩ មានចំនួនប្រមាណ ៧៣ ០០០ នាក់ ចំនួនអ្នកឆ្លងថ្មីមានប្រមាណចំនួន ៧៨០ នាក់ / ឆ្នាំ និងចំនួនអ្នកស្លាប់មានប្រមាណចំនួន ១ ៣០០ នាក់/ឆ្នាំ»។
លោកបានបន្ថែមទៀតថា អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ ក្នុងចំណោមប្រជាជនទូទៅអាយុ (១៥-៤៩ឆ្នាំ) មានចំនួន០.៥% ។ ប៉ុន្តែអត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកំរិតខ្ពស់នៅឡើយ គឺអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍ ក្នុងចំណោមបុរសរួមភេទជាមួយបុរស ៤.០% (២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (២០១៩) ស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ៣,២% (២០១៦) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (២០១៧) ។
ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងដៃគូអភិវឌ្ឍន៍រួមមានគម្រោង EpiC-FHI 360 UNAIDS អង្គការ KHANA, RHAC អង្គការសុខភាពបុរសកម្ពុជា (MHC) និងអង្គការសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD) បានធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេសការអប់រំផ្សព្វផ្សាយទាំងដោយជួបផ្ទាល់ និងតាមរយ:អនឡាញ ក្នុងគោលបំណងផ្តល់ព័ត៌មានទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍និងកាមរោគ ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែលមានការប្រព្រឹត្តប្រឈមដែលមានដូចជាបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចាក់គ្រឿងញៀន ជាដើម ដើម្បីជាទុនក្នុងការផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ទៅជាការប្រព្រឹត្តប្រកបដោយសុវត្ថិភាព និងទៅទទួលបានសេវានានាដែលទាក់ទងនឹងជំងឺអេដស៍ និងកាមរោគឱ្យបានសមស្របនិងទាន់ពេល ក្នុងគោលបំណងចូលរួមកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២៥ ។
នៅក្នុងរឿង «ហានិភ័យស្នេហ» មានតួសម្តែងសំខាន់ៗ៤ដួង ដូចជា លោក ឈិត សុវណ្ណ និមិត្ត (Ting tong) ដែលជាតារាចម្រៀង តារាសម្តែង និងជាពិធីការ ដែលមានប្រជាប្រិយភាព សម្តែងជាតួផន។ លោក សាន់ ម៉េងលាង ដែលមានបទពិសោធន៏ជាច្រើនឆ្នាំនៅក្នុងការសម្តែងក្នុងរឿងភាគ ក៏ដូចជារឿងដុំ តាំងពីសម័យគម្រោងរបស់ឡូយ៩ សម្តែងជាតួឈុន។ កញ្ញា ធី វ៉ាន់នីវ៉ា ជាតារាដែលលេចមុខនៅក្នុងរឿងអប់រំជាច្រើន និង មានភាពប៉ិនប្រសប់អាចបត់បែនទៅតាមចរិត្តលក្ខណៈរបស់តួនីមួយៗ សម្តែងជាតួមាលា រួមនិងកញ្ញា សុខប៉ូលីន ដែលជាបេក្ខនារីនៅក្នុងកម្មវិធី Miss Queen Cambodia 2020 នៅក្នុងជុំចុងក្រោយ១១នាក់ សម្តែងជាតួចែផា។
គួរបញ្ជាក់ផងដែរថា កាលពីខែកន្លងទៅ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានសហការជាមួយគម្រោង EpiC ដែលជាគម្រោងក្រោមការឧបត្ថម្ភដោយជំនួយសហរដ្ឋអាមេរិក USAID បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសដាក់ឱ្យអនុវត្តវិធីលេបថ្នាំបង្ការជាមុន «ប្រឹព PrEP» នៅក្នុងរាជធានី និងខេត្តចំនួន5 រួមមាន រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល បន្ទាយមានជ័យ៕