(ភ្នំពេញ)៖ អង្គការអន្តរជាតិក្រៅរដ្ឋាភិបាល ដែលមិនស្វែងរកប្រាក់ចំណូល បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយវិស័យឯកជនរបស់ប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក និងសុវត្ថិភាពចំណីអាហារ នាខេត្តពោធិ៍សាត់។ ពិធីចុះអនុស្សារណៈនេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
អនុស្សារណៈយោគយល់គ្នានេះ បង្កើតឡើងដើម្បីសម្របសម្រួលឲ្យមានការកសាងនូវទម្រង់ទំនាក់ទំនង ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ រវាងអ្នកទិញ និងកសិករប្រកបដោយប្រសិទ្ធភាព ដែលផលិតករជាក្រុមកសិករនៅខេត្តពោធិ៍សាត់ គាំទ្រដោយគម្រោងប្រូម៉ាឃីត និងក្រុមហ៊ុនដាវ៉ាន់ជាអ្នកទិញ ដែលធានានូវគុណភាពផលិតផល បន្លែ ផ្លែឈើ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការទីផ្សារលើសុវត្ថិភាពចំណីអាហារ។ គម្រោងប្រូម៉ាឃីត បានទទួលការគាំទ្រថវិកាដោយរដ្ឋាភិបាលប្រទេសនូវែលសេឡង់ តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម នូវែលសេឡង់។
អង្គការអាដ្រាកម្ពុជា គឺជាអង្គការអន្តរជាតិក្រៅរដ្ឋាភិបាល មិនរកប្រាក់ចំណូល និងជាផ្នែកនៃបណ្តាញភ្នាក់ងារជំនួយ និងអភិវឌ្ឍន៍អន្តរជាតិ ដែលមានក្នុង ១២០ប្រទេស លើពិភពលោក។ ចំណែកឯ ដាវ៉ាន់ គឺជាក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈក្នុង ខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម និងទីផ្សារសុវត្ថិភាពចំណីអាហារ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា៖ «ក្នុងគោលបំណងរួម ដើម្បីលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុក និងសុវត្ថិភាពចំណីអាហារ ក្រុមហ៊ុនដាវ៉ាន់ និងអង្គការ អាដ្រាកម្ពុជា បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលមានរយៈពេល ៣ឆ្នាំ។ អនុស្សារណៈយោគយល់គ្នានេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០»។
តាមរយៈកម្មវិធីមូលដ្ឋានសហគមន៍ អាដ្រាស្វែងរកការបង្កើតឲ្យមានការគាំទ្រសុខមាលភាពប្រជាជនឲ្យបានពេញលេញ ដែលទាំងអស់នេះទាមទារឲ្យមានការរៀបចំចងក្រង និងការអនុវត្តប្រកបដោយនិរន្តរភាព គម្រោងដឹកនាំដោយសហគមន៍ខ្លួនឯង ដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ ក្នុងនោះអាដ្រាបានបញ្ចូលគោលដៅមួយចំនួនដូចជា គោលដៅគ្រោះអត់ឃ្លានស្មើសូន្យ, គោលដៅសុខភាព និងសុខមាលភាពមាំមួន និងគោដៅការអប់រំប្រកបដោយគុណភាព។
បច្ចុប្បន្ននេះ អង្គការអាដ្រាកម្ពុជា ដោយមានការគាំទ្របចេ្ចកទេសពីកម្មវិធីអភិវឌ្ឍន៍សហគ្រិនអន្តរជាតិ (អាយឌីអ៉ី) កំពុងគាំទ្រកសិករ ក្នុង៥ស្រុក នៅខេត្តពោធិ៍សាត់ទាំងមូល ក្រោមគម្រោង «លើកកម្ពស់ខ្សែច្រវាក់ផលិតកម្មទីផ្សារ តាមរយៈនិរន្តរភាពផលិតកម្ម» ដែលហៅកាត់ថា ប្រូម៉ាឃីត មានរយៈពេល ៥ឆ្នាំ រហូតដល់ ខែធ្នូ ឆ្នាំ២០២៣។ គម្រោងនេះ ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃផលិតផលបន្លែ និងផ្លែឈើ តាមរយៈការធ្វើការជាមួយកសិករខ្នាតតូចក្នុងខេត្តពោធិ៍សាត់។
គោលបំណងចម្បងរបស់កម្មវិធី ដើម្បីចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជនបទ ប្រកបដោយនិរន្តរភាព និងកសាងភាពធននៃសេដ្ឋកិច្ចគ្រួសារជនបទនៃខេត្តពោធិ៍សាត់ តាមរយៈការកម្ពស់ខ្សែច្រវាក់តម្លៃផលិតផលនេះ។ គម្រោងស្វែងរកការគាំទ្រដល់ ក្រុមផលិត ដែលជាបណ្តុំកសិករសហការគ្នា ដើម្បីផលិតផលិតផលស្របតាមតម្រូវការទីផ្សារតាមរយៈកិច្ចសន្យាកសិកម្ម។ គម្រោងមានលទ្ធផលរំពឹងទុកចំនួន៣ រួមមាន៖ ការពង្រឹង និងវិភាគខ្សែច្រវាក់តម្លៃ និងទីផ្សារ, ក្រុមផលិត ទទួលបានការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាព, សមាជិកក្រុមផលិត និងគ្រួសាររបស់ពួកគេទទួលបានការបណ្តុះបណ្តាល/គាំទ្រ ក្នុងផលិតកម្ម បច្ចេកទេសប្រមូលផល និងក្រោយប្រមូលផល និងកសិពាណិជ្ជកម្ម។
លោក ម៉ាក ស្វីសូ ប្រធានអង្គការអាដ្រាកម្ពុជា បានថ្លែងថា «អង្គការអាដ្រាកម្ពុជា មានសេចក្តីសោមនស្សរីករាយ ដែលកសិករពីក្រុមផលិតនៃខេត្តពោធិ៍សាត់ មានឱកាសក្នុងការប្រើប្រាស់ជំនាញ និងចំណេះដឹងថ្មីៗរបស់ពួកគេលើតម្រូវការទីផ្សារ តាមរយៈការសហការ និងកិច្ចសន្យាជាមួយក្រុមហ៊ុនដាវ៉ាន់។ អង្គការ អាដ្រាកម្ពុជា នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការជំរុញទំនាក់ទំនង រវាងដាវ៉ាន់ និងក្រុមផលិតដែលបានជ្រើសរើស និងបណ្តាញការផ្គត់ផ្គង់ដោយឆ្លើយតបទៅនឹងគុណភាព ពេលវេលា និងសុវត្ថិភាពផលិតផល សម្រាប់លក់ទៅហាង របស់ដាវ៉ាន់ តាមស្តង់ដារសុវត្ថិភាពដែលបានកំណត់ និងព្រមព្រៀងគ្នា»។
លោក ឆេង មករា នាយកប្រតិបត្តិក្រុមហ៊ុន ដាវ៉ាន់ បានថ្លែងដែរថា អនុស្សរណៈយោគយល់គ្នានេះបាន អនុញ្ញាតឲ្យដាវ៉ាន់ធ្វើការជាមួយក្រុមកសិរផលិត របស់គម្រោង ដើម្បីឆ្លើយតបនឹងតម្រូវការសុវត្ថិភាពចំណីអាហារ ក្រោមការគាំទ្រពីអង្គការអាដ្រា ដើម្បីនាំយកអាហារសុវត្ថិភាពដល់អតិថិជនដែលជាអ្នកចង់បាន ចង់ឃើញ និងចង់ទិញផលិតផលក្នុងស្រុក។ ហើយការសហការនេះ ពិតជាឆ្លើយតបទៅនឹងទស្សនៈរបស់ដាវ៉ាន់ រួមមាន៖ គុណភាព សុវត្ថិភាព ចំណីអាហារសម្រាប់អតិថិជន, គាំទ្រកសិករដែលមានទំនួលខុសត្រូវលើការផលិត, និងបរិស្ថានល្អ។
លោក ឆេង មករា បញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «យើងសង្ឃឹមថានឹងមានដៃគូជាច្រើនទៀតដូចអង្គារអាដ្រាកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក និងប្រឹងប្រែងលើផលិតសុវត្ថិភាពចំណីអាហារ»៕