(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបន្តចាត់វិធានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការបង្ការខ្លួនពីជំងឺកូវីដ-១៩ ក្នុងនោះគឺមានការចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋ សាធារណជន និងភ្ញៀវ ហើយនឹងបានធ្វើអនាម័យ បាញ់ថ្នាំសម្លាប់វីរុសនៅទីកន្លែងសំខាន់ៗមួយចំនួនផងដែរ។
មន្ត្រីនៃសាលាខេត្តសៀមរាបបានឱ្យដឹងថា ក្នុងដំណាក់កាលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដោយមានការណែនាំពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ និងដាក់វិធានការក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានធ្វើសកម្មភាពចែកម៉ាស់ក្នុងទ្រុងទ្រាយធំ ដែលម៉ាស់រាប់ម៉ឺនទាំងនេះជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកនៅតាមទីប្រជុំជន ទីផ្សារ វត្តអារាម សហគមន៍ មណ្ឌលកុមារកំព្រា អង្គការ ស្ថាប័ន អង្គភាព និងរហូតដល់មូលដ្ឋានផងដែរ។
រីឯនៅរដ្ឋបាលសាលាខេត្តនាចុងសប្តាហ៍ថ្ងៃកន្លងទៅនេះ បានធ្វើអនាម័យបាញ់ថ្នាំសម្លាប់វីរុសនៅក្នុងបរិវេណសាលាខេត្ត និងតាមទីចាត់ការអង្គភាពចំណុះឱ្យសាលាខេត្ត ដើម្បីចូលរួមអនុវត្តនូវអនាម័យបរិស្ថាន ក៏ដូចជាការបង្ការទប់ស្កាត់ករណីឆ្លងជំងឺដោយសារមេរោគផ្សេងៗ និងបង្ការករណីឆ្លងជំងឺកូវីដ-១៩ ផងដែរ។
លោកបានឱ្យដឹងទៀតថា ក្រុមការងារនៃរដ្ឋបាលខេត្ត ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងបន្តចែកម៉ាស់ និងផ្សព្វផ្សាយវិធានការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការបង្ការខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។ ចំណែកឯក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តដែលមានមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរពាណិជ្ជកម្ម និងស្នងការដ្ឋាននគរបាលខេត្ត បានបន្តចុះណែនាំដល់ម្ចាស់ភោជ្ជនីយដ្ឋានទាំងអស់ក្នុងក្រុងសៀមរាប ឱ្យអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីវិធានការបង្ការខ្លួនពីជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។
ម្យ៉ាងទៀត រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់បានសំណូមយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់កុំភ្លេចនូវ ៣ ចំណុចសាមញ្ញៗ គឺ៖
១៖ កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រមា
២៖ កុំភ្លេចជែល អាកុល ឬលាងដៃនឹងសាប៊ូ
៣៖ កុំភ្លេចរក្សាគម្លាតសុវត្ថិភាព និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ ដើម្បីជាការចូលរួមទប់ស្កាត់នៃជំងឺកូវីដ-១៩ នេះកុំឱ្យបន្តចូលសហគមន៍ថែមទៀត៕