(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានចេញបទបញ្ជា ស្តីពីការផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាមបទបញ្ជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បទបញ្ជានេះធ្វើឡើងដើម្បីអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងដោយមានការពិគ្រោះពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចជាការឆ្លងរីករាលដាលនៅក្នុងសហគមន៍។

សម្តេចក្រឡាហោម ស ខេង បានសម្រេចចេញបទបញ្ជា ដូចខាងក្រោម៖

១៖ ផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្នក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះរហូតដល់មានការជូនដំណឹងជាថ្មី។

២៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គ-នាយកដ្ឋាន ឬអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដែលមិនទាន់បានយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ ត្រូវរួសរាន់មកយកសំណាក នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ។

៣៖ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្ននេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន ឬអង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវណែនាំដល់ក្រុមគ្រួសាររបស់ខ្លួន ឱ្យអនុវត្តវិធានការការពារជំងឺកូវដ១៩ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងជំងឺនេះនៅក្នុងសហគមន៍។

៤៖ ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវបំពេញការងារពីចម្ងាយតាមរយៈអនឡាញ។

អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រី ដែលមិនប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ពី ០៥ ទៅ ០៧នាក់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ហើយត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំ
ការទាំងនោះបញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ។ មន្ត្រី ដែលត្រូវបានចាត់ឱ្យមកប្រចាំការទាំងនោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ១៩។ ប្រគល់ភារកិច្ចជូន លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ដើម្បីដឹកនាំសម្របសម្រួលការងារមន្ត្រីប្រចាំការនេះ។

៥៖ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវប្រមូលមកវិញនូវប័ណ្ណចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ ដែលបានផ្តល់ជូនយោងតាមសេចក្តីណែនាំលេខ ០៥៣ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវរៀបចំប័ណ្ណចេញ-ចូលថ្មី ដើម្បីផ្តល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវបានចាត់ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ដូចបានកំណត់ក្នុងចំណុចទី៤ ខាងលើ៕

ខាងក្រោមនេះជាបទបញ្ជារបស់សម្តេចក្រឡាហោម៖