(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការណែនាំ៤ចំណុច ផ្ញើជូនដល់ស្ថាប័នអប់រំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
តាមលិខិតរបស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែធ្នូ នេះ បានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ក្រសួងសូមណែនាំ នូវវិធានការរដ្ឋបាល និងវិធានការសុវត្ថិភាពសុខភាព ក្នុងការបំពេញការងារ ដូចខាងក្រោម ៖
១៖ អង្គភាពទាំងអស់ត្រូវណែនាំ ដល់បុគ្គលិកអប់រំក្រោមឱវាទ ឲ្យអនុវត្តការបំពេញការងារពីចម្ងាយ ឬអនឡាញ ក្នុងករណីមិនមានការចាំបាច់ មិនត្រូវមកកាន់ អង្គភាពនោះទេ។ បុគ្គលិកអប់រំ ត្រូវយកចិត្តទុកដាក់តាមដាន ព័ត៌មាននៃការវិវត្តស្ថានភាព ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងមិនត្រូវធ្វើដំណើរទៅកន្លែង ដែលមានហានិភ័យ កូវីដ១៩
២៖ ក្នុងករណីចាំបាច់ត្រូវមកកាន់អង្គភាព បុគ្គលិកអប់រំត្រូវធានាថា ខ្លួនមានសុខភាពប្រក្រតី និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាព ដោយពាក់ម៉ាសការពារជាប្រចាំ លាងសម្អាតដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម
៣៖ អង្គភាពនីមួយៗត្រូវចាត់វិធានការលើកកម្ពស់សុវត្ថិភាពសុខភាពនៅតាមអង្គភាព ដូចជា ការវាស់កម្ដៅ បុគ្គលិកការចាត់វិធានការរក្សាអនាម័យនៅតាមអង្គភាព និងត្រូវពិចារណាពន្យារពេល ឬលើកពេលអនុវត្តកម្មវិធី ឬកិច្ចប្រជុំនានា។
ក្នុងករណី មិនអាចពន្យារពេល ឬលើកពេលបាន សូមអនុវត្តក្នុងទ្រង់ទ្រាយតូច ឬតាមប្រព័ន្ធអនឡាញ
៤៖ រាល់ការស្នើសុំយោបល់ ការឆ្លងឯកសារ និងការសុំការសម្រេចពីថ្នាក់ដឹកនាំ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ (ក្រុមតេឡេក្រាម)៕