(កំពង់ឆ្នាំង)៖ អំពើឃាតកម្មដែលបានកើតឡើងលើយុវតី ជាសិស្សថ្នាក់ទី១២ម្នាក់ នៅភូមិអ្នកតារង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ពេលកំពុងជិះទូកទៅរៀនថែមម៉ោង ត្រៀមប្រឡងបាក់ឌុប ត្រូវកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កោះហៅសាក្សី២នាក់ ដើម្បីមកធ្វើការសួរនាំអំពីរឿងហេតុទាំងអស់នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា សាក្សីទាំងពីរនាក់ ដែលសមត្ថកិច្ចកោះហៅមកសួរនាំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ឆ្នាំង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី លោក អ៉ិត សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។
សាក្សីទាំងពីរនាក់នោះរួមមាន ទី១៖ឈ្មោះ កាន់ ឈុនឡេង អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី២៖ឈ្មោះ លន សុខឡូត អាយុ២២ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។ ក្រោយបញ្ចប់ការសួរនាំសាក្សីទាំងពីរនេះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញផងដែរ។
សូមរំលឹកថា យុវតីម្នាក់ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ បើកកាណូតទៅរៀន ស្រាប់តែបាត់ខ្លួនមួយថ្ងៃមិនឃើញត្រឡប់មកផ្ទះ លុះព្រឹកឡើងត្រូវបានគេឃើញ សពអណ្ដែតទឹក។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវថ្មី ភូមិអ្នកតាតាង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បើតាមប្រភពពីម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា បច្ចុប្បន្នគាត់មានទីលំនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង កូនស្រីរបស់គាត់មាន ឈ្មោះ ឡាំ រដ្ឋា អាយុ១៩ឆ្នាំ រៀនថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។
មុនពេលកើតហេតុកូនរបស់គាត់ បានបើកទូកបាឡាទៅរៀនជាធម្មតា ដោយនៅវេលាម៉ោង៦ល្ងាច កូនរបស់គាត់តែងតែមកដល់ផ្ទះជាប្រចាំជារៀងរាល់ថ្ងៃ ដោយឡែកនៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ មិនឃើញកូនរបស់គាត់ត្រឡប់មកផ្ទះដូចសព្វដង។ ដោយបាត់កូនយប់ហើយនៅតែមិន ឃើញមកផ្ទះវិញ ក្រុមគ្រួសារ និងអ្នកស្រុកក៏បាននាំគ្នាជួយបើកទូក ដើររកទាំងយប់ដែរ តែដោយសារយប់ងងឹតរកមិនឃើញ។ លុះព្រឹកឡើងទាំងសមត្ថកិច្ចក៏ដូចជា អាជ្ញាធរ រួមទាំងប្រជាពលរដ្ឋផង ក៏បាននាំគ្នាបើកកាណូតរុករក ក៏ប្រទះឃើញសាកសព នៅវេលាម៉ោង៨ព្រឹក នៅចំណុចខាងលើ ចំណែកទូកបាឡាដែលនាងជិះទៅរៀន គឺអណ្ដែតនៅកណ្ដាលទន្លេ ប្រមាណជាង៥០០ម៉ែត្រពីសាកសព៕