(ស្វាយរៀង)៖ ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនចំនួន៤នាក់ ស្រី១នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។
សមត្ថកិច្ចនគរបាលជំនាញខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិត ក្រុងស្វាយរៀង ស្រុកស្វាយទាប និងស្រុករមាសហែក បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ចំនួន០៤ករណីផ្សេងគ្នា។
សមត្ថកិច្ចបានបន្តថា កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់មាន៖
ទី១៖ ឈ្មោះ ហឿន ហ៊ុង ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពពាយ ឃុំម្រាម ស្រុករមាសហែក (បង្ក្រាបនៅស្រុករមាសហែក) ដកហូតវត្ថុ តាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន១៣កញ្ចប់តូច ទម្ងន់១៦.៥៤ក្រាម។
ទី២៖ ឈ្មោះ ឈ ធុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបំរើការនៅហាងខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានស្រុកកំណើត នៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (បង្ក្រាបនៅក្រុងស្វាយរៀង)ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ICE)ចំនួន១០កញ្ចប់តូច ទម្ងន់១៥.០៥ក្រាម។
ទី៣៖ ឈ្មោះ សំ សាវន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប (បង្ក្រាបនៅស្រុកស្វាយទាប) ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន១កញ្ចប់តូច ទម្ងន់ ២.០៦ក្រាម។
ទី៤៖ ឈ្មោះ អ៊ួន វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត (បង្ក្រាបនៅក្រុងបាវិត)ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន៦កញ្ចប់តូច ទម្ងន់១.៦៨ក្រាម៕