(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាទៅអាជ្ញាធរ និងសមត្ថកិច្ចរាជធានីភ្នំពេញ ត្រូវចុះពិនិត្យមើលទីតាំងប្រកបអាជីវកម្មផ្សេងៗ ក្នុងមូលដ្ឋានដើម្បីបន្ដចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ -១៩។
ជាក់ស្ដែងក្រោយទទួលបានបទបញ្ជានេះ នៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ លោក សុខ ពេញវុធ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ក៏ដូចជាតាមបណ្តាខណ្ឌ បានបន្តដឹកនាំបញ្ជាឲ្យអភិបាលរងទទួលបន្ទុកតាមសង្កាត់នីមួយៗ ចុះត្រួតពិនិត្យនៅតាមសង្កាត់ដែលខ្លួនទទួលខុសត្រូវ។
ក្នុងនោះដែរ លោកអភិបាលខណ្ឌ លោកអភិបាលរង លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោកនាយករដ្ឋបាល បានបន្តដឹកនាំត្រួតពិនិត្យឡើងវិញនូវទីតាំងទាំងឡាយណា ដែលគណៈបញ្ជាការឯកភាពខណ្ឌបានបិទ និងណែនាំកន្លងមក។
សម្រាប់ខណ្ឌដូនពេញ លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជាលទ្ធផល ទីតាំងម៉ាស្សា កោសជប់ អាជីវកម្ម ភោជនីយដ្ឋាន ក្លឹបកំសាន្ត បានបិទទីតាំងជាបណ្តោះអាសន្នទាំងស្រុងហើយ។ ដោយឡែក នៅតាមសង្កាត់លោក លោកស្រីអភិបាលរងខណ្ឌ បានចុះអនុវត្តន៍វិធានការណ៍ដូចខាងក្រោម៖
*ណែនាំទៅដល់មូលដ្ឋានអាជីវកម្មទាំងអស់ ឲ្យរក្សាគម្លាតសុវត្ថិភាពមានម៉ាស់ មានអាល់កុល មានជេលលាងដៃ ភ្ញៀវចេញចូលមិនឲ្យលើសពី២០នាក់ឡើយ
*ការផ្សព្វផ្សាយតាមមេក្រូ ផ្តល់ព័ត៌មាន ទៅដល់ប្រជាពលរដ្ឋតាមសហគមន៍ ការចែកម៉ាស់ ការបិទប៉ូស្ទ័រ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ១៩
*ចំពោះការរៀបអាពាហ៍ពិពាហ៍ ការរៀបចំខួបកំណើត ពិធីបុណ្យផ្សេងៗ និងការជួបជុំបែបសាសនា ទីតាំងក្លឹបកីឡាតាមបណ្តាខាងក្នុង និងខាងក្រៅសណ្ឋាគារមិនមានទេ ត្រូវបានបិទជាស្ថាពរ
*តាមទីរួមផ្សារទាំងបី លោកប្រធានផ្សារ និងលោកស្រីអភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានចាត់ចែងចែកម៉ាសទៅដល់បងប្អូនអាជីវករលក់បន្លែ ផ្លែឈើតាមកញ្ច្រែងល្អីផងដែរ។
សូមរំលឹកថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕