(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យអន្តោប្រវេសន៍ និងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនជនបរទេស ២រូប នៅចំណុចឆ្នេរអូរឈើទាល ស្ថិតក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្នាក់ជាជនជាតិអាមេរិក និងម្នាក់ជនជាតិរុស្ស៊ី។ ជនបរទេសទាំង២នាក់នេះ ត្រូវបានចាប់ខ្លួនពីបទរស់នៅខុសច្បាប់ និង បង្កអំពើហិង្សា អុកឡុក នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដទៃទៀត។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនបរទេសទី១- ឈ្មោះ Fomin Sergei សញ្ជាតិរុស្សី កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ១៩៥៨ កាន់លិខិតឆ្លងដែនលេខ ៧១ ៣១៦១១៨៩ ផុតសុពលភាពថ្ងៃទី១ ខែកុម្ភៈ ឆ្នំាំ២០២១ (អំពីបទស្នាក់នៅលើសទិដ្ឋាការកំណត់ តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នំា២០១៥) និងទី២ ឈ្មោះ Ronald Lueddere សញ្ជាតិអាមេរិក កើតថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ អំពីបទស្នាក់នៅគ្មានលិខិតឆ្លងដែន បង្កអំពើហិង្សា និងភាពអនាធិបតេយ្យ ដើរអុកឡុកតាមបណ្តាភោជនីយដ្ឋាន និងផ្ទះសំណាក់មួយចំនួន នៅតាមបណ្តោយឆ្នេរអូឈើទាល។
សម្រាប់ជនអន្តោប្រវេសន៍ទាំង២នាក់ សមត្ថកិច្ច នឹងបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមច្បាប់ប្រទេស៕