(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងដោយកត់សម្គាល់ថា មកដល់ថ្ងៃនេះ សហរដ្ឋអាមេរិក ដែលបានបោះឆ្នោតរួចរាល់ជាង១ខែមកហើយនោះ គេនៅចាំបានថា តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយថ្ងៃបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសហរដ្ឋអាមេរិក បានចង្អុលបង្ហាញយ៉ាងច្បាស់ថា លោក ចូ បៃដិន បានឈ្នះឆ្នោតស្រេចបាត់ទៅហើយ។ ជាបន្ដបន្ទាប់ប្រមុខរដ្ឋាភិបាលជាច្រើនក្នុងពិភពលោក ក៏បានប្រកាសសាទរលោក ចូ បៃដិន ផងដែរ។

លោក រ័ត្ន សណ្ដាប់ បានលើកឡើងថា បើនិយាយពីប្រវត្ដិសាវតារការបោះឆ្នោតសហរដ្ឋអាមេរិក តាំងពីណាពីណីមក គេចាប់អារម្មណ៍ជាងគេនោះ ជាធម្មតាឲ្យតែដល់ដំណាក់កាលអាប៉ោងបើកគ្របដល់ប៉ុណ្ណេះហើយ បេក្ខជនដែលឃើញថា សម្លេងឆ្នោតរបស់ខ្លួនចាញ់ហើយ គឺគេលើកទង់សហើយ។

ចំពោះប្រវត្ដិសាវតារនេះ ឥទ្បូវត្រូវបានកែប្រែទាំងស្រុង ដោយលោក ត្រំា បានបដិសេធលទ្ធផលបោះឆ្នោតមិនព្រមទទួលស្គាល់ «ខ្លួនចាញ់» បើទោះបីជាចូលដល់សប្ដាហ៍ទី២ លទ្ធផលកាន់តែឆ្ងាយទៅៗ។ ជាពិសេសនៅពេលរដ្ឋទាំងប៉ុន្មាន ដែលបូកសរុបលទ្ធផលទៅ ឃើញជាក់ស្ដែងគឺលោក ចូ បៃដិន បាន ៣០៦តំណាង លើសពីចំនួនដែលត្រូវឈ្នះតែ ២៧០ប៉ុណ្ណោះ។

អ្នកជំនាញអារ្យធម៌រូបនេះ បានបន្តកត់សម្គាល់ថា អ្វីជាការចាប់អារម្មណ៍របស់លោកនោះ ចូលមកដល់សប្ដាហ៍ទី២ គឺពាក់កណ្ដាលខែវិច្ឆិកា លោក ត្រំា កាន់តែក្រពុលមុខថែមទៀត ដោយលោកបានរៀបចំក្រុមមេធាវី ប្ដឹងរដ្ឋមួយចំនួន សុំឲ្យរាប់សន្លឹកឆ្នោតម្ដងទៀត។ តែបន្ទាប់មកតុលាការ បានប្រកាសទាត់ចោលពាក្យបណ្ដឹង។ ទោះបីតុលាការច្រានចោល តែលោក ត្រំា នៅតែក្រាញមិនព្រមប្រកាសទទួលស្គាល់ថា ខ្លួនចាញ់ ទៀត។

លើសពីនេះទៀត ចូលដល់សប្ដាហ៍ទី៣ អាប៉ោងបើកគ្របឃើញកាន់តែច្បាស់ថែមទៀត លោក ត្រាំ នៅតែមិនព្រមលើកទង់សទៀត។ ជាពិសេសថ្មីៗនេះទៀត តួលេខបង្ហាញថា លោក ចូ បៃដិន ទទួលបាន ៨០,២៣២, ៣០០សម្លេង ស្មើនឹងតំណាង ៣០៦រូប។ រីឯលោក ត្រំា ទទួលបានតែ ៧៣,៩៦០,២០៥តំណាង ស្មើនឹង ២៣២រូប គឺគំលាតគ្នាយ៉ាងឆ្ងាយសែនឆ្ងាយ!

លោក រ័ត្ន សណ្ដាប់ បានសង្កត់ធ្ងន់ថា បើទោះជាយ៉ាងណាក្ដី លោក ត្រំា មិនអាចប្រឈមសច្ចភាពបានទ្បើយ គឺ «សហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ» តាមរយ:ការបោះឆ្នោត។

តើលោក ត្រាំ អាចមិនទទួលយកសច្ចភាពនេះបានដែរឬទេ? ត្រង់ចំណុចនេះ លោក រ័ត្ន សណ្តាប់ បានលើកឡើងថា ពេលនេះចង់ ឬមិនចង់លោក ត្រាំ ត្រូវទទួលស្គាល់ការពិត ហើយត្រូវរកផ្លូវដើរចេញឲ្យបានសន្សឹមៗកុំឲ្យខ្មាសគេ ពីព្រោះលោក ត្រាំ មិនអាចរារាំងកង់ប្រវត្ដិសាស្រ្ដរបស់ប្រទេសខ្លួន ដែលខ្លួនឯងចាត់ទុកជាបិតាប្រជាធិបតេយ្យបានទ្បើយ។ ម្យ៉ាងវិញទៀតនៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក បានកំណត់ច្បាស់ថា នៅថ្ងៃទី២០ ខែមករា វេលាម៉ោង ១២ថ្ងៃត្រង់រៀងរាល់ ៤ឆ្នាំម្ដង ប្រធានាធិបតីត្រូវស្បថចូលកាន់តំណែង។

ជារួមមក លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ស្ថិតក្នុងបរិការនេះហើយ ពិភពលោក បានផ្ដោតច្បាស់លើលោក ចូ បៃដិន ថា ជាអនាគតប្រធានាធិបតីប្រកាសស្បថកាន់តំណែងចាប់ពីថ្ងៃទី២០ ខែមករា ខាងមុខតទៅ។ ហេតុនេះហើយ បានជាគេសង្កេតឃើញលោក ចូ បៃដិន មិនបង្អង់យូរនោះដែរ ក្នុងការរៀបចំចាត់ចែងក្បាលម៉ាស៊ីនដឹកនាំសម្រាប់រដ្ឋបាលរបស់លោក។ អនាគតប្រធានាធិបតីអាមេរិករូបនេះ បានចាប់ផ្ដើមជាបណ្ដើរៗជ្រើសរើសមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកមានសមត្ថភាពខ្ពស់ និងស្មោះត្រង់បម្រើរដ្ឋបាលរបស់លោក ហើយបានត្រៀមចូលកាន់តំណែងក្នុងក្រសួងរួចអស់ហើយដែរ។

ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញអ្នកដឹកនាំនៃប្រទេសមហាអំណាចធំៗលើពិភពលោក ក៏បានបោះដៃមកលោក ចូ បៃដិន រួចស្រេចទៅហើយ ដើម្បីធ្វើការងារសំខាន់ៗមួយចំនួនជាមួយរដ្ឋបាលរបស់លោក ចូ បៃដិន។ ការងារសំខាន់ៗ ដែលគេមើលឃើញថា ប្រទេសមហាអំណាចធំៗលើពិភពលោក នឹងធ្វើជាមួយលោក ចូ បៃដិន នោះមានដូចជា៖

ទី១៖ នឹងរួមជាមួយគោលនយោបាយរបស់លោក ចូ បៃដិន ពាក់ព័ន្ធនឹងនយោបាយអន្ដរជាតិ បញ្ហាអ៉ីរ៉ង់ បញ្ហាជម្លោះពាណិជ្ជកម្មជាមួយចិន។
ទី២៖ បញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាអង្គការសុខភាពពិភពលោក ឬបញ្ហាផ្សេងៗទៀតសល់កេរ្ដិ៍ពីលោក ត្រាំ។
ទី៣៖ ពិភពលោក ក៏នឹងរង់ចាំមើលផងដែរថា តើរដ្ឋបាលលោក ចូ បៃដិន នឹងដោះស្រាយបញ្ហាការរាលដាលមេរោគកូវីដ១៩ ដោយរបៀបណា?
ទី៤៖ រឿងចម្រូងចម្រាសសិទ្ធិស្បែកខ្មៅ ដែលគេនាំគ្នាប្រឆាំងលោក ត្រំា ថា ជាអ្នកប្រកាន់ពូជសាសន៍។

បើដូច្នេះគេត្រូវយល់ច្បាស់ថា ទោះជាយ៉ាងណាក៏ដោយ ទោះកាលៈទេសៈណាក៏ដោយ ក៏លោក ត្រាំ ត្រូវតែប្រគល់កៅអីប្រធានាធិបតីជូន លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា ខាងមុខដោយខានមិនបាននោះឡើយ៕