(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានបង្ហាញបញ្ជីឈ្មោះសិស្សនាយទាហានសកម្ម ជំនាន់ទី២០ ចំនួន១២០នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ។ សូមបញ្ជាក់ថា ក្រសួងការពារជាតិ បានបើកការប្រឡងចំនួន៤ថ្ងៃ កាលពីថ្ងៃទី២០-២៣ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ដើម្បីជ្រើសរើសសិស្សកម្ពុជា ទើបជាប់បាក់ឌុប យកទៅបណ្តុះបណ្តាលក្នុងវិស័យការពារជាតិ។
យោងតាមគណៈកម្មការជ្រើសរើស និងត្រួតពិនិត្យលក្ខណៈសម្បត្តិសិក្ខាកាម មកបណ្តុះបណ្តាលនៅក្នុង និងក្រៅប្រទេស នៃក្រសួងការពារជាតិ បានឲ្យដឹងថា សិស្សនាយទាហានសកម្ម ដែលប្រឡងជាប់នេះ នឹងទទួលបានក្របខណ្ឌ ខ.ភ.ម និងទទួលបានឋានន្តរសក្កិនាយចំណង់។ ក្រោយពេលបញ្ចប់ការសិក្សា ទទួលបានឋានន្តរសក្កិអនុសេនីយ៍ត្រី។
សិស្សទាំងអស់ នឹងសិក្សាលើមុខវិជ្ជាវិទ្យាសាស្រ្តយោធា វិទ្យាសាស្រ្តសង្គម និងការអនុវត្តជាក់ស្ដែង។ ក្រោយបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ។
សិក្សារយៈពេល០៤ឆ្នាំ មានកន្លែងស្នាក់នៅ និងហូបចុក។ ទទួលបានប្រាក់បៀវត្ស៍ និងការផ្គត់ផ្គង់តាមគោលរបប របស់ក្រសួងការពារជាតិ។ មិនតែប៉ុណ្ណោះ ពួកគេក៏មានឱកាសចេញទៅសិក្សា នៅក្រៅប្រទេសផងដែរ៕