(ភ្នំពេញ)៖ ក្រសួងការងារកម្ពុជា និង អារ៉ាប់ប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ស្តីពីការជ្រើសរើសពលករការងារតាមផ្ទះ  និងការងារទូទៅ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថា នឹងជួយការពារសិទ្ធិ និងផលប្រយោជន៍របស់ពលករខ្មែរ ដែលទៅធ្វើការ នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកុម្ភៈ នេះ បានឲ្យដឹងថា ពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងរវាង រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អ៉ិត សំហេង និងរដ្ឋមន្រ្តីក្រសួងការងារអា រ៉ាប់ប៊ីសាអូឌីត លោក Mofarrej S. Al-Hoquabani នៅថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញ ក្នុងគ្រាដែលលោក អ៉ិត សំហេង កំពុងបំពេញ ទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត។

ក្រសួងការងារបានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីនេះ គឺជាឧបករណ៍ ដ៏សំខាន់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ពលករខ្មែរ ដោយ ភាគីទាំងពីរត្រូវរៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងជ្រើសរើស ការដាក់ឲ្យធ្វើការ និងការធ្វើមាតុភូមិនិវត្តន៍របស់ពលករ ដោយអនុលោមទៅ តាមច្បាប់ និងបទដ្ឋានការងារសមរម្យ និងបទដ្ឋានសុវត្ថិភាពការងារ។

ភាគីទាំងពីរ ក៏ត្រូវបង្កើតគណៈកម្មការបច្ចេកទេសចម្រុះមួយ ដើម្បីធ្វើការប្រជុំពិភាក្សាលម្អិត និងជាប្រចាំលើបញ្ហាប្រឈមនានា  ដែលពាក់ព័ន្ធនិងការអនុវត្តកិច្ចព្រមព្រៀងនេះផងដែរ៕

https://scontent-hkg3-1.xx.fbcdn.net/hphotos-xpf1/t31.0-8/12716090_936825333039988_6160291367477220742_o.jpg