(ស្វាយរៀង)៖ ក្នុងរយៈពេលពីរថ្ងៃមានកម្មករ-កម្មការិនីដែលបម្រើការងារនៅក្នុងរោងចក្រអិកស៍ឌីអេបាយស៊ីខល (ខេមបូឌា) ឯ.ក ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ មានអាការៈមិនស្រួលខ្លួនចំនួន ១០នាក់ ដោយសារខ្វះជាតិស្ករ រលាកក្រពះតែបានធូរស្រាលហើយបានចូលបម្រើការងារវិញហើយ។ នេះបើយោងតាមការបញ្ជាក់ពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

លោក តូច ប៉ូលីវ៉ា បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤៖១៥នាទី រសៀលមានកម្មការិនីចំនួន២នាក់ ដែលមានឈ្មោះ ទឹម ស្រីល័ក្ខ និងឈ្មោះ ឈឿន លីណា បានត្រូវរថយន្តក្រុមហ៊ុនបញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដោយមូលហេតុពួកគាត់ទាំងពីរនាក់ មានសុខភាពខ្សោយហូបមិនគ្រប់គ្រាន់មានអាការៈទន់ ដោយតាមការបញ្ជាក់ ពីគ្រូពេទ្យអះអាងថា ឈ្មោះ ឈឿន លីណា ខ្វះជាតិស្ករ និងឈ្មោះ ទឹម ស្រីល័ក្ខ រលាកក្រពះ និងខ្វះជាតិស្ករ។

ដោយឡែកនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក មានបងប្អូនកម្មការិនីចំនួន២នាក់ មានឈ្មោះ អោម ឈានស្រីឡែន និងឈ្មោះ រស់ ម៉ារីណា ដោយមានសុខភាពមិនស្រួល បានសុំក្រុមហ៊ុនដាក់ច្បាប់ត្រឡប់ទៅគេហដ្ឋានសម្រាកវិញ និងទៀតសោតនៅថ្ងៃដដែលចន្លោះម៉ោង ១៣៖១៥នាទី ក៏មានបងប្អូនកម្មករកម្មការិនីចំនួន ៦នាក់ទៀត បានមានអាការៈមិនស្រួលខ្លួន។ ដោយទី១ឈ្មោះកើត ទីណា ទី២ឈ្មោះ ឌូក ចរណៃ ទី៣ ឈ្មោះ តុល ចាន់ថន ទី៤ឈ្មោះ សេន ណាត ទី៥ឈ្មោះ ហៃ ចាន់រី ទី៦ឈ្មោះ អ៊ុង សោភណ្ឌ័ អ្នកទាំង ៦នាក់នេះ មានបញ្ហាសុខភាពមិនស្រួលខ្លួនដូចគ្នា ហើយក៏បានសុំដាក់ច្បាប់សម្រាកកន្លះថ្ងៃដូចគ្នា។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា រោងចក្រនេះជារោងចក្រផលិតកង់ ហើយក្នុងការជួយសង្គ្រោះនេះដែរ ដោយមានការណែនាំពីលោកអភិបាលខេត្តឱ្យរូបលោកចុះផ្ទាល់ ទៅសួរសុខទុក្ខកម្មការិនី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបានពាំនាំការសាកសួរសុខទុក្ខពីលោកអភិបាលខេត្ត ជូនដល់កម្មការិនី និងជូនពរឲ្យឆាប់ជាសះស្បើយដើម្បីបានបម្រើការងារឡើងវិញ ហើយរហូតមកដល់ពេលនេះកម្មការិនីបានធូរស្បើយនឹងចូលបម្រើការងារធម្មតាវិញហើយ៕