(ព្រៃវែង)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាចំនួន ១៣,០០០ដុល្លារសហរដ្ឋអាមេរិក ជូនបងប្អូនខ្មែរ-ឥស្លាម ដែលមកពីភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ថវិកាចំនួន ១៣,០០០ដុល្លារសហរដ្ឋអាមេរិក ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូនក្នុងគោលបំណង ដើម្បីទិញដីសាងសង់តារាងបាល់ទាត់ របស់យុវជនខ្មែរ-ឥស្លាម សម្រាប់ជាលេង និងការហាត់ប្រាណផង ដើម្បីសុខភាព និងដើម្បីហ្វឹកហាត់ចូលរួមការប្រកួត នៅតាមបណ្តាខេត្តនានា។
ក្រៅពីនោះ សម្រាប់បងប្អូនខ្មែរ-ឥស្លាម ដែលមកចូលរួមទទួលថវិកាក្នុងឱកាសនោះ ក៏ទទួលបាននូវការឧបត្ថម្ភក្នុងម្នាក់ៗ ថវិកា ១០ម៉ឺនរៀលផងដែរ។ ពិធីប្រគល់ថវិកានេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។
សូមបញ្ជាក់ថា ការឧបត្ថម្ភថវិការបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនេះ ធ្វើឡើងបន្ទាប់ពីបងប្អូនខ្មែរ-ឥស្លាម បានអំពាវនាវរកសប្បុរសជនជួយឧបត្ថម្ភដល់ពួកគេ។
ក្រោយពីទទួលបានអំណោយជាថវិកាជាង ១ម៉ឺនដុល្លារនេះ បងប្អូនខ្មែរ-ឥស្លាម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តសណ្តោសប្រណីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
ក្នុងនាមសាសនាអ៉ីស្លាម បងប្អូនបានសូត្រធម៌ជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះធម៌ទាំង ៥ប្រការ របស់ព្រះអល់ឡោះ កុំបីឃ្លៀងឃ្លាតឡើយ ៕